ព័ត៌មានជាតិ

ឈ្មួញឈើដ៏ល្បីឈ្មោះ គង់ ក្រឹង ក្លែងរូបភាពដឹកឈើតាមរថយន្ត មកដឹកតាមម៉ូតូ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច

ក្រចេះ: ឈ្មួញឈើធំៗ និងល្បីឈ្មោះប្រចាំខេត្តក្រចេះ បានប្តូររូបភាព ក្នុងការដឹកជញ្ជូនឈើតាមរថយន្ដតូចធំគ្រប់ប្រភេទ មកដឹកតាមម៉ូតូវិញម្ដង ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។

ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកគេតែងតែឃើញរថយន្ដតូចធំគ្រប់ប្រភេទ ធ្វើការដឹកឈើប្រណីតយ៉ាងគគ្រឹកគ្រេងទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យលើដងផ្លូវជាតិលេខ៧ ឆ្ពោះទៅជិតដល់ច្រកវាលឺ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ឡើយ។

ប្រភពដដែលបន្តថា នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានថៅកែឈើដ៏ល្បីម្នាក់ គឺឈ្មោះ គង់ ក្រឹង ជាមន្ត្រីយោធា និងមានតួនាទីជាមេបញ្ជាការងវរព្រំដែន204 បានយកតួនាទី អំណាច និងយកទីតាំង (តំបន់ប្រតិបត្តិកាវរសេតូចលេខ១) ធ្វើជាកន្លែងស្តុកឈើប្រណីតគ្រប់ប្រភេទយ៉ាងរំភើយ។

ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃបានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃមានម៉ូតូទាំងក្រុមៗ បានធ្វើការដឹកជញ្ជូនឈើចូលខាងក្រោយផ្ទះលោក គង់ ក្រឹង និងដឹកចូលបន្ទាយយោធាវរសេនាតូចលេខ១ ស្ថិតនៅភូមិត្រពាំងស្រែ។

ពលរដ្ឋបានបន្តទៀតថា ក្នុងមួយថ្ងៃៗ មានម៉ូតូមិនតិចជាង៥០០គ្រឿងនោះទេ ដែលបានដឹកជញ្ជូនឈើចូលខាងក្រោយបន្ទាយទាហានវរសេនាតូចលេខ១ ប្រចាំការព្រំដែនវាលឺ ហើយបន្តលើកដាក់រថយន្ដកុងតឺន័រ រួចយកបាវស្ករសសង្កត់ពីលើ និងបន្តដឹកចេញទៅ កាន់ប្រទេសវៀតណាមតាមច្រករបៀន ហៅថា(ដេ២) ជាច្រករបៀនរបស់លោក គង់ ក្រឹង ធ្លាប់រកស៊ីរាប់ឆ្នាំមកហើយ។

ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ដោយតេចូលហើយ លោកថា ច្រឡំលេខ រួចចុចបិតវិញ៕

chor

photo_2016-10-22_14-20-20

photo_2016-10-22_14-20-22

photo_2016-10-22_14-20-24

មតិយោបល់