ភ្នំពេញៈ បន្ទាប់ពីបើកការប្រគំតន្ត្រីយ៉ាងកក្រើកកាលពីលើកទី១ ដោយមានតារាចម្រៀងទិកហ្ស៊ីរ៉ូចូលរួមកាលពីដើមខែមុន កាលពីយប់ថ្ងៃទី៣ កញ្ញា មុននេះប៉ុស្ដិ៍លេខ៥ក៏បើកការប្រគំតន្ត្រីយ៉ាងកក្រើកជាលើកទី២ដោយមានវត្តមានតារាខ្មែរ និងតារាថៃចូលរួម។ តារាទាំងនោះត្រូវគេឃើញប្រទាញបានអ្នកគាំទ្រដោយឡែកពីគ្នា ដែលធ្វើឲ្យទិដ្ឋភាពប្រគំតន្ត្រីនៅសាលកីឡា Tiffy Arena ជ្រោយចង្វារ ដែលអមដោយវេទិកាតាំងពិព័រណ៌មានអ្នកទស្សនាកកកុញ។
តារាដែលបានបង្ហាញខ្លួននៅក្នុងយប់នោះរួមមាន លោកឆាយ វិរៈយុទ្ធ កញ្ញា យូរី និងតារាចម្រៀងថៃចំនួន៣រូបគឺ លោក ខាល់ឡឺភីត លោក ហ៊ន និងលោក កុនិផុន ដែលសុទ្ធតែជាតារាចម្រៀងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសថៃ។ អ្នករៀបចំកម្មវិធីបានអះអាងថាវេទិកាដែលតារាទាំងពីរក្រុមប៉ះគ្នារៀងរាល់ដើមខែម្ដងនោះមានឈ្មោះថាតន្ត្រី «ខ្មែរញញឹម» ដោយប៉ុស្ដិ៍លេខ៥ ជាអ្នករៀបចំទាំងស្រុងក្នុងការអញ្ជើញតារាចម្រៀងខ្មែរ និងថៃល្បីៗឲ្យប៉ះគ្នាមួយខែម្ដង។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា នឹងបន្តធ្វើរហូតដល់ចុងឆ្នាំ២០១៦ ដោយនៅដើមខែក្រោយអ្នករៀបចំកម្មវិធីនឹងបង្ហាញវត្តមានតារាចម្រៀងថៃកាន់តែល្បី ដើម្បីទាក់ទាញអ្នកទស្សនានិងការតាំងពិព័រណ៌៕
មតិយោបល់