(អូតាវ៉ា)៖ ពលរដ្ឋកាណាដា ២នាក់ដែលត្រូវបានអាជ្ញាធរចិនឃុំខ្លួនអស់រយៈពេល ច្រើនជាង ១,០០០ថ្ងៃ ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយពួកគេបានចាកចេញពីប្រទេសចិនដោយនឹងត្រឡប់មកដល់កាណាដាវិញ ព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។
ពលរដ្ឋកាណាដាទាំង២នាក់ខាងលើ គឺលោក Michael Kovrig និងលោក Michael Spavor ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនក្រោមបទធ្វើចារកម្មតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានអាជ្ញាកាណាដាឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន Vancouver តាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងបទក្លែងបន្លំ ជាច្រើនករណី។ លោក Trudeau ធ្លាប់បានចោទប្រកាន់ថាការចាប់ខ្លួនពលរដ្ឋកាណាដា គឺជាការសងសឹករបស់ចិន តែទីក្រុងប៉េកាំងបានបដិសេធថា ការឃាត់ខ្លួនលោក Michael Kovrig និងលោក Michael Spavor មិនមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងលោកស្រី Meng នោះទេ។
ការអះអាងខាងលើរបស់លោក Justin Trudeau កើតមានឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីលោកស្រី Meng Wanzhou ត្រូវបានដោះលែង ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃសុក្រសប្ដាហ៍នេះ បីឆ្នាំ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះ នៅប្រទេសកាណាដាក្រោយមានកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ ហើយអាចនឹងឈានដល់ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោកស្រី Meng ទាំងស្រុង៕
ប្រភព៖ Reuters
មតិយោបល់