ជប៉ុន ៖ ជាការពិតណាស់ដែលកំណត់ត្រាពិភពលោកហ្គីនណេស បានបញ្ជាក់ថាបងប្អូនស្រីជប៉ុនចំនួនពីរនាក់ បានក្លាយជាកូនភ្លោះអាយុវែងបំផុតនៅលើពិភពលោក ដែលនៅមានជីវិតរស់រាន ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទកន្លងទៅនេះ ស្របពេលជាមួយនឹងទិវាគោរពមនុស្សចាស់ ដែលជាបុណ្យជាតិនៅប្រទេសជប៉ុន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Umeno Sumiyama និងលោកយាយ Koume Kodama បច្ចុប្បន្នមានអាយុ១០៧ឆ្នាំ២២ថ្ងៃបើគិតត្រឹមថ្ងៃនេះ និងបានកើតនៅកោះសូដូស៊ីម៉ាភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩១៣ ដែលជាកូនទី៣ និងកូនទី៤ ក្នុងគ្រួសារ។ ហើយពួកគាត់ទាំងបានរស់នៅបែកគ្នា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បឋម និងមិនសូវបានជួបគ្នាឡើយ ដែលលុះពេលឈានចូលអាយុ៧០ឆ្នាំ ពួកគាត់ក៏ចាប់ផ្ដើមនៅក្បែរគ្នាវិញ។ដោយឡែកទៀតសោត វិញ្ញាបនបត្រនៃកំណត់ត្រា ត្រូវបានផ្ញើទៅកាន់កន្លែងដែលពួកគាត់រស់ផ្ទាល់តែម្ដង ដោយសារតែការពារពីជំងឺកូវីដ-១៩ និងធ្វើឲ្យពួកគាត់សប្បាយចិត្ត រហូតដល់ស្រក់ទឹកភ្នែកផងដែរ។
គួរឲ្យដឹងដែរថា ២៩ភាគរយនៃចំនួនប្រជាជនជាង១២៥លាននាក់ក្នុងប្រទេសជប៉ុន មានមនុស្សវ័យចំណាស់ អាយុ៦៥ឆ្នាំឬចាស់ជាងនេះ បើយោងតាមក្រសួងសុខាភិបាលនិងសុខុមាលភាព។ ហើយប្រហែល៨៦,៥១០នាក់ ជាមនុស្សមានអាយុជាង១០០ឆ្នាំ ដែលពាក់កណ្ដាលនៃចំនួនមនុស្សនេះ ទើបតែឈានចូលអាយុ១០០ឆ្នាំនៅឆ្នាំ២០២១៕
ប្រភព: lmtonline
មតិយោបល់