សម្តេចតេជោ បញ្ជាក់ថាការផ្អាកពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺដើម្បីធានាសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ពីជំងឺឆ្លងដ៏កាចសាហាវ ខណៈក្នុងរយៈពេលកាន់បិណ្ឌពីរថ្ងៃកន្លងមកនេះ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើង នូវជំងឺកូវីដ១៩គួរឱ្យកត់សម្គាល់។
ក្នុងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងឱកាសកាន់បិណ្ឌនារយៈពេលប៉ុន្មានថ្ងៃ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រសិនបើបន្តមានការជួបជុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌបន្តទៅទៀត នឹងធ្វើឱ្យផ្ទុះកាន់តែខ្លាំងនៃជំងឺកូវីដ១៩ ខណៈអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេស កម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់ មានរហូតដល់ជាង២០០០នាក់ ហើយស្របពេលដែលវីរុសកូវីដ១៩ប្រភេទ បំប្លែងថ្មី ដែលតា កំពុងរាតត្បាតកាន់តែខ្លាំងក្នុងប្រទេសកម្ពុជា។
សម្តេចបន្ថែមថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ ដែរថា សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ មិនអាចធ្វើទៅបាននោះឡើយ។ សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបាន មិនខ្វះពេលធ្វើបុណ្យទាន នោះឡើយ។ ដូច្នេះ សម្តេច អំពាវនាវឱ្យប្រជាពលរដ្ឋមានការយោគយល់ ក្រោយក្រុមគ្រូពេទ្យយកសំណាក នៅតាមវត្តនានាក្នុងរាជធានី ភ្នំពេញ បានបង្ហាញឲ្យឃើញថា វត្តស្ទើរតែពាក់កណ្តាលបានរកឃើញ វិជ្ជមានមេរោគកូវីដ-១៩។ សម្ដេចតេជោបន្តថា វ៉ាក់សាំងតែមួយមុខ មិនអាចការពារយើងរួចផុតពីមេរោគរាតត្បាតកូវីដ-១៩ នោះទេ យើងត្រូវអនុវត្តតាមវិធានសុខាភិបាល គឺ៣កុំ ៣ការពារ។
«ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិ ព្រះសង្ឃក៏ដូចជា ពុទ្ធបរិស័ទ ពុទ្ធសាសនានិក ពិតជាយោគយល់បានការសម្រេច ចិត្តរបស់ខ្ញុំ ដើម្បីធានាដល់ជីវិតរបស់ ប្រជាជន ព្រោះថាប្រសិនបើមានការរីករាលដាលវត្ត ដែលមានឆ្លងប្រមាណជាងពាក់កណ្តាល ចំនួនវត្តនៅទីក្រុងភ្នំពេញនេះ ត្រូវបាន បន្តនៅថ្ងៃនេះ ហើយរហូតទៅដល់ថ្ងៃភ្ជុំ តើយើងនឹងមានព្រះសង្ឃ និងប្រជាពលរដ្ឋ ប៉ុន្មានទៀត ទៅដែលត្រូវចម្លង។ អ្វីដែលគួរឱ្យបារម្ភបំផុតមិនមែនបញ្ហាក្នុងទីវត្តអារាមទេ ការឆ្លងចាប់ផ្តើមពីទីវត្តអារាម ក៏ប៉ុន្តែនៅពេលដែល ប្រជាពលរដ្ឋរបស់យើង បានធ្វើដំណើរចេញពីទីវត្តអារាម នាំនូវជំងឺពីទីវត្តអារាមទៅកាន់ក្នុងផ្ទះ។ ដោយសារតែប្រជា ពលរដ្ឋរបស់យើង ទៅធ្វើបុណ្យ ដោយមិនមានកំណត់ថាភូមិណាធ្វើបុណ្យនៅវត្តនោះ គឺទៅធ្វើបុណ្យគឺទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូន ។ ដូច្នេះជំងឺនេះវាមិនមែនគ្រាន់តែកើតនៅក្នុងទីក្រុងទេ គឺវាបានរាលដាលទៅទីជនបទ ដោយសារតែអ្នកទីក្រុងបានទៅធ្វើបុណ្យនៅទីជនបទ ហើយក៏អាចនាំពីទីក្រុងទៅតាមជនបទ ហើយក៏អាចនាំទីជនបទមកកាន់ទីក្រុងវិញ ។ ដូច្នេះសភាពការណ៍នេះគឺជាសភាពការណ៍ដ៏អាក្រក់»៕
ប្រភព៖ AKP
មតិយោបល់