កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) ហើយនិងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញា CITES មានវត្តមាននៅក្នុងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត ។
ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទ ដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា ។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំណីចម្រុះរួមមានរុក្ខជាតិ និងសត្វ។
ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើត នៅអាយុពី៤ ទៅ៥ឆ្នាំ ជាទូទៅ ធ្វើការបង្កាត់ពូជនៅអំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូន នៅអំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តង បានពី១ ទៅ២ក្បាល។ សត្វខ្លាឃ្មុំ អាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ ។ សត្វខ្លាឃ្មុំ ទទួលរងការគម្រាមកំហែងពីកត្តាជាច្រើន ដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។
ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស៕
មតិយោបល់