កំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពប្រដាល់ហើយ ដើម្បីផ្តោតអារម្មណ៍លើអាជីពនយោបាយវិញម្តង។ ជើងឯកប្រដាល់ពិភពលោកច្រើនប្រភេទទំងន់រូបនេះ ទើបតែបានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ ខាងមុខ។
ចុងក្រោយនៃអាជីពរបស់កីឡាករវ័យ ៤២ឆ្នាំរូបនេះគឺបរាជ័យក្រោមថ្វីដៃកីឡាករគុយបា Yordenis Ugas នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីខែមុន។ Pacman បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា នេះគឺជាការសំរេចចិត្តដ៏លំបាកមួយក្នុងជីវិតរបស់គេ ដែលប្រដាល់បានធ្វើឱ្យរូបគេមានថ្ងៃនេះ មានអ្វីៗគ្រប់យ៉ាង និងជួយការងារសង្គមជាច្រើន ជួយប្រទេសជាតិជាច្រើន។ រំលឹកថា Manny Pacquiao បានឈ្នះខ្សែក្រវាត់ដំបូងបំផុតក្នុងអាជីពកាលពីឆ្នាំ១៩៩៨ ក្នុងវ័យ ១៩ឆ្នាំក្រោយយកឈ្នះកីឡាករថៃ Chatchai Sasakul ដណ្តើមបានខ្សែក្រវាត់ WBC flyweight។ ក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ Pacquiao បានចំណាយពេលប្រកួតនៅលើទឹកដីអាមេរិក ដោយយកឈ្នះកីឡាករអាហ្វ្រិកខាងត្បូង Lehlohonolo Ledwaba ឈ្នះខ្សែក្រវាត់ IBF super bantamweight នៅសង្វៀន MGM Grand ដែលជាសង្វៀនដែលគេតែងឡើងប្រកួតញឹកញាប់បំផុតក្នុងអាជីព ២ទស្សវត្សរ៍។
Manny Pacquaio ត្រូវបានគេស្គាល់ថា ជាកំពូលកីឡាករប្រដាល់មួយរូបលើលោក ដោយគាត់ធ្លាប់ឈ្នះជើងឯក ១២ផ្សេងគ្នាក្នុងចំណោម ១៨ប្រភេទទំងន់។ នៅឆ្នាំ២០១៩ Manny Pacquiao បានក្លាយជាកីឡាករប្រដាល់វ័យចំណាស់បំផុត ៤០ឆ្នាំដែលឈ្នះខ្សែក្រវាត់ពិភពលោក Welterweight ដែលបានយកឈ្នះ Keith Thurman ដើម្បីទទួលបានខ្សែក្រវាត់ WBA Super Welterweight មុនពេលដែលខ្សែក្រវាត់នេះក៏ត្រូវបានដកហូតវិញក្នុងឆ្នាំ២០២១ នេះដោយសារគ្មានសកម្មភាពប្រកួត។ Manny Pacquiao មានកំណត់ត្រាប្រកួតសរុប ៧២លើកឈ្នះ ៦២ ផ្តួលគូប្រកួតលើសង្វៀន ៣៩លើកស្មើ២ ចាញ់៨៕
មតិយោបល់