កំពង់ចាមៈ ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ ដាច់ខាតត្រូវតែបង្ក្រាបឲ្យបានករណីចោរកម្ម ឬលួចឆក់គ្រប់ប្រភេទ។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែង (ករណីចោរលួចម៉ូតូ) នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាបែកអន្លូង ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបមានឈ្មោះ ស្លេន ស្លាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកវេវឆ្លាមពណ៌ទឹកសមុទ្រ ខណៈដែលម៉ូតូនេះជាកម្មសិទ្ធិរបស់ឈ្មោះ ក្រី ហ្សាន ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាសិស្ស ទីលំនៅភូមិ ឃុំជាមួយគ្នាជិះយកទៅបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់