ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ឃើញប៉ូលិសល្បាតរត់គេច តាមចាប់បាន រកឃើញសុទ្ធតែសម្ភារៈគាស់ផ្ទះ

ភ្នំពេញ: ជនសង្ស័យជាជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ មធ្យោបាយម៉ូតូ២គ្រឿង ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោម ឡោមព័ន្ធចាប់ខ្លួនបាន ដកហូតបានសម្ភារ: សម្រាប់គាស់ផ្ទះ ទ្វារ មួយចំនួន ក្រោយពីកម្លាំងល្បាតប្រទះជួប ជនសង្ស័យព្យាយាមរត់គេច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោតចុះត្រាំទឹកត្រពាំង ក្នុងភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង ៦ព្រឹក ថ្ងៃដដែល ទើបចាប់ខ្លួនបានម្នាក់ រត់គេច៣នាក់ បាត់ស្រមោល។

ជនសង្ស័យជាជនជាតិចិនខាងលើ អាយុជាង២០ឆ្នាំ ត្រូវបានឃាត់ខ្លួន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ សម្ភារ:ដកហូត បានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-0965 សម្ភារ: គាស់ផ្ទះ ដែកត្បែង កូនសោ ទួណាវីស ម៉ាសចំនួន៣ ស្រោមដៃចំនួន៣គូ ដាក់ពេញកាបូប ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងល្បាត បានប្រទះជួបជនជាតិចិនចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ហើយគ្រាន់តែក្រឡេកឃើញកម្លាំងប៉ូលិសភ្លាម ជនសង្ស័យព្យាមរត់គេច ពេលនោះកម្លាំងដេញតាម រត់គេចបាត់៣នាក់ ហើយជនសង្ស័យម្នាក់ រត់ផ្លោះរបងផ្ទះប្រជាពលរដ្ឋ លោតចូលសំងំក្នុងទឹកត្រពាំង កំប្លោក បាត់មួយយប់ ទើបកម្លាំងរួមសហការជាមួយបងប្អូនប្រជាពលរដ្ឋឡោមព័ទ្ធត្រពាំង ពេញមួយយប់ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃដដែល ជនសង្ស័យលូនចេញ ឡើងលើគោក ចាប់ខ្លួនបានតែម្តង ដោយដកហូតបានម៉ូតូមួយគ្រឿង និងសម្ភារ: ឧបករណ៍គាស់ផ្ទះ មួយកាបូបស្ពាយ ។

ជនសង្ស័យត្រូវបាននាំយកទៅប៉ុស្តិ៍ រង់ចាំរកអ្នកបកប្រែភាសា មកជួយសាកសួរ មុននឹងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់