ភ្នំពេញៈ ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តបុកម៉ូតូមួយគ្រឿង ព្យាយាមបើករត់អូសម៉ូតូជាច្រើនម៉ែត្រ បន្តទៅបុកជញ្ជាំង ផ្ទះប្រជាពរដ្ឋ ហាងលក់ម៉ូតូមួយកន្លែង ខូចខាតម៉ូតូ០៦គ្រឿងកាលវេលាម៉ោង១០ និង ៣០នាទីយប់ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៩៩ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2 AY 2019 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូប៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AC 4483 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹង រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់អូសម៉ូតូនិងម្ចាស់ម៉ូតូក្រោមរថយន្ត បាន២០ម៉ែត្រម្ចាស់បានរបូតពីរថយន្តរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភាមៗ ចំណែករថយន្តអូសម៉ូតូជាប់រហូតដល់របងវត្តមហាមន្ត្រី ទើបរបូតម៉ូតូចេញ ហើយរថយន្តបង្កបន្តដំណើរទៅមុខទៀត ទាំងភ័យស្លន់ស្លោ រហូតដល់ស្តុបវត្តមហាមន្ត្រីបានរេចង្កូតទៅជញ្ជាំងហាងលក់ម៉ូតូទ្រីមុំ បណ្ដាលឲ្យខូចខាតជញ្ជាំងផ្ទះ និងម៉ូតូ០៦គ្រឿងទើបទៅមុខលែងរួច ចំណែកជនជាតិចិនជាម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍អូឡាំពិច រង់ចាំប្រគល់ឲ្យជំនាញក្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញ ស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តបង្ក និងម្ចាស់រថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
មតិយោបល់