(បន្ទាយមានជ័យ) ពលករចំនួន ១២នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣, ៥១៤ សហការជាមួយ កម្លាំងចម្រុះ ឃាត់ខ្លួនបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បានចំនួន ២គោលដៅ សរុបចំនួន ១២នាក់ ស្រី ចំនួន ៥នាក់។
គោលដៅទី១ ពលករ ចំនួន ៦នាក់ ស្រី ២នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ០៣:៥០នាទីជិតភ្លឺ ពួកគាត់ក៏បានវង្វែងផ្លូវរួចក៏បានចូលមកសារភាព ជាមួយកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ ដែរស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយនគរបាលព្រំដែនគោក ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
គោលដៅទី២ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបានពលករចំនួន ៦នាក់ ស្រី ៣នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង ០៣:៣៥នាទីជិតភ្លឺ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (នៅលេីផ្លូវជាតិលេខ៥៨) អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ និង៥១៤ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕
មតិយោបល់