សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១។ នេះគឺជាការថ្លែឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ដោយ បានបញ្ជាក់ថា ប្រើសញី នេះមានទម្ងន់ប្រមាណពី១៥០ ទៅ២០០គីឡូក្រាម ត្រូវបានមន្ត្រី ឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូលបានប្រទះឃើញជាប់អន្ទាក់នៅអំឡុងពេលពួកគាត់បានដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើកស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្ស នៃដែន ជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដែលបានជួយសង្គ្រោះសត្វប្រើសដែលជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នេះ បានទាន់ពេល វេលា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយក្នុងនោះមិនមែន ត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការទន្ទ្រានកាន់កាប់ដីព្រៃខុស ច្បាប់ ឬការលួចកាប់ឈើខុសច្បាប់ តែក៏មានតួនាទីក្នុងការសង្គ្រោះសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ផងដែរដោយបានដោះអន្ទាក់ និងសង្គ្រោះសត្វព្រៃពីការជាប់អន្ទាក់។ យោងតាមរបាយការណ៍ ៩ ខែឆ្នាំ ២០២១ នេះ មន្ត្រីឧទ្យានុរក្សបានអន្ទាក់ជិត ៣ ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស និងសត្វព្រៃជាច្រើន ក្បាលត្រូវបានជួយសង្គ្រោះ និងព្រលែងចូលក្នុងព្រៃ។
យោងតាមការសិក្សារបស់អ្នកជំនាញ ប្រើសជាប្រភេទសត្វមានដោយបង្គួរនិងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវា រស់នៅ។ សត្វប្រើសមានវត្តមាននៅ តាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និង ភូមិភាគឥសាននៃប្រទេសកម្ពុជា។ គេ ក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងភូមិ ភាគអាស៊ីអាគ្នេយ៍រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។ ប្រើសជាសត្វដែលអាចរស់នៅគ្រប់ ជម្រកទាំងអស់រួមទាំងព្រៃស្រោង ពាក់ កណ្តាលស្រោង និងព្រៃរបោះ។ វារកស៊ីនៅពេលព្រលប់ និង ពេលព្រលឹមហើយសម្រាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ។
ចំណីរបស់វាមានដូចជាចុងបែកឈើតូចៗ ស្លឹកឈើ ប្រភេទវល្លិ៍ពន្លក (ត្រួយ) ផ្លែឈើជ្រុះ និងស្មៅ។ ប្រើសចូលចិត្តស៊ីដីច្រាប ពិសេសប្រើស ឈ្មូលដែលកំពុងតែលូតលាស់ស្នែង និងមានជារៀងរាល់ឆ្នាំនៃរេដូវកាវ់ស្នែងប្រព្រឹត្តទៅក្នុងខែកក្កដា និងកញ្ញា។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នះដើម្បីគ្រប់គ្រងតំបន់ និងពាក់ញី ដែលនៅក្នុងហ្វូងរហូតដល់ ៨ ក្បាល។ ប្រើសញីកើតកូនម្តងបានតែ ១ក្បាល បន្ទាប់ពីពរពោះបាន រយៈពេល ៨ ខែ។
ជាថ្មីម្តងទៀត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ ព្រោះវាគ្មានផលប្រយោជន៍អ្វីសម្រាប់សុខភាព ឡើយ តែអាចនឹងបង្កហានិភ័យដល់សុខភាពនិងកើតជំងឺផ្សេងៗព្រោះសាច់សត្វព្រៃមានផ្ទុកដោយមេ រោគ ដោយ«និយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់និងដាក់អន្ទាក់សម្លាប់សត្វ»។ ឯកឧត្តមបានថ្លែងថាជនទាំងឡាយណាដែលបន្តបំពាននឹងបំរាម នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន ប្រសិនបើមន្ត្រីមានសមត្ថកិច្ចចាប់បាន៕
មតិយោបល់