ព័ត៌មានជាតិ

អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​​ឲ្យ​មាន​ការ​គាំទ្រជា​បន្ទាន់​ដើម្បី​បង្ការ​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដួល​រលំ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ជា​បន្ទាន់​ដើម្បី​បង្ការ​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដួល​រលំ ស្រប​ពេល​ក្រុម​ប្រទេស G-20 កំពុង​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Guterres បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅឯ​ការិយាល័យ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ​ថា៖ «នេះ​គឺជា​ដំណាក់កាល​បរាជ័យ​ឬ​ក៏​ជោគជ័យ»។

លោក​បាន​និយាយ​ថា ខណៈ​អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើការ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចំនួន ១៨ លាន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​មនុស្សធម៌ ការ​ធ្វើ​ដូច្នេះ​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​វិបត្តិ​ធំ​ជាង​នេះ​នោះ​ឡើយ ប្រសិនបើ​សេដ្ឋកិច្ច​របស់​អាហ្វហ្គានីស្ថាន​បរាជ័យ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ជំរុញ​ពិភពលោក​ឲ្យ​ចាត់វិធានការ​និង​បញ្ចូល​សាច់​ប្រាក់​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ដួល​រលំ»។

លោក Guterres បាន​លើកឡើង​បន្ត​ថា សហគមន៍​អន្តរជាតិ​កំពុង​ចាត់​វិធានការ​យឺតយ៉ាវ​លើ​បញ្ហា​នេះ និង​ថា គេ​អាច​បញ្ចូល​សាច់​ប្រាក់​ទៅ​ក្នុង​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​បាន​ដោយ​មិន​មាន​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ឬ​គោលការណ៍​សម្របសម្រួល​នោះ​ឡើយ ដោយ​អាច​ធ្វើ​បាន​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​សហប្រជាជាតិ ដែល​អាច​រំលង​ផុត​ក្រុម​តាលីបង់ (Taliban) បាន។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «រឿង​មួយ​សម្រាប់​ខ្ញុំ​គឺ​ច្បាស់​ណាស់​ថា ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​មិន​អាច​ទទួល​រង​នូវ​ទណ្ឌកម្ម​រួម ព្រោះ​តែ​ក្រុម​តាលីបង់​ប្រព្រឹត្ត​ខុស​នោះ​ទេ។ មនុស្ស​មិនគួរ​ស្លាប់​ដោយសារ​ការ​អត់​ឃ្លាន​នោះឡើយ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ»៕

មតិយោបល់