ភ្នំពេញៈ បើយើងបានឃើញ និងបានឮសម្រែកបុរសម្នាក់ បានស្រែកទ្រហោយំយ៉ាងខ្លាំងនោះ ពិតជាទប់ទឹកភ្នែកមិនបានឡើយ នៅគ្រាដែលកូនប្រុសពៅជាទីស្រឡាញ់ ដែលទើបប្រសូត្រមិនទាន់បានប៉ុន្មានផង ក៏ត្រូវស្លាប់បាត់បង់ជីវិតទៅវិញយ៉ាងអណោចអាធ័មបំផុត។ មូលហេតុនៃការស្លាប់របស់កូនប្រុស ដែលធ្វើឲ្យឪពុកម្ដាយ គឺខណៈដែលកូនមានសភាពមិនស្រួលខ្លួន ហើយត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែត្រូវគ្រូពេទ្យមិនទទួលយកការសង្គ្រោះទេ ដោយពេទ្យប្រាប់ថា គ្មានកន្លែង ហើយដឹកមកមន្ទីរពេទ្យគន្ធបុប្ផា ក៏មិនទទួលទៀត ដោយថា មេឈប់ឲ្យទទួលពេញហើយ ហើយចុងក្រោយក៏បន្តយកទៅមន្ទីរពេទ្យកុមារជាតិ តែជាអកុសលមិនទាន់បានទៅដល់ផង កូនប្រុសនេះក៏ស្លាប់បាត់បង់ជីវិតតែម្ដង។ ទាំងនេះ គឺជាទំនួញដែលបានបង្ហើរតាមគណនីហ្វេសប៊ុកឈ្មោះ Saruon Ruos ដែលជាឪពុកបង្កើតរបស់ទារក ដែលបានស្លាប់យ៉ាងអាណោចអាធ័មនេះ។
យោងតាមគណនីហ្វេសប៊ុករបស់លោក សារុណ រ៉ូស (Saruon Ruos ) បានបង្ហោះរូបភាពកូនប្រុស ដែលស្លាប់នេះជាច្រើន រួមទាំងមានឃ្លីបវីដេអូអមដោយសារពាក្យពេជ្រដ៏គួរឲ្យសង្វេគបំផុតផងដែរ។ លោក Saruon Ruos បានសរសេរថា «ថ្ងៃទី២ហើយ ចេស្តា កូនប៉ា ប៉ានឹកកូនណាស់!! បើកភ្នែកឡើង ប៉ាបានឃើញមុខកូនវិញ ប៉ាមិនដឹងសប្បាយចិត្តប៉ុណ្ណាទេ មួយយប់ហើយ ប៉ាគេងមិនលក់ទេ។ លោកគ្រូពេទ្យអើយ បើអ្នកជាខ្ញុំវិញ តើអ្នកឈឺចាប់ទេ??? មេចមិនជួយសង្គ្រោះសិនទៅ??? ខ្ញុំនឹងបន្តផុសរូបកូនខ្ញុំ ដើម្បីការផ្លាស់ប្តូរផ្នត់គំនិតអាក្រក់ទាំងនេះ»។
គណនីហ្វេសប៊ុក លោក Saruon Ruos បានសរសេរបង្ហោះទៀតថា «កូនប៉ាទៅហើយ កូនខ្ញុំស្អាតណាស់ ចេស្តា កូនប៉ា ប៉ានឹងចាំកូនមួយជីវិត! លោកគ្រូពេទ្យអើយ មេចក៏មិនជួយសង្គ្រោះកូនខ្ញុំ???? ចេស្តាកូនប៉ា!!! ទឹកភ្នែកប៉ានៅតែហូមិនឈប់ទេ»។ ទាំងនេះ គឺជាសាររបស់ឪពុកទារក ដែលបានសរសេរបង្ហោះតាមគណនីហ្វេសប៊ុក ដើម្បីចង់បង្ហាញឲ្យមហាជន ពិសេសចង់ឲ្យសម្តេចតេជោ បានដឹងពីសកម្មភាពសេវាទទួលអ្នកជំងឺសង្គ្រោះបន្ទាន់ មិនទទួលយកសង្គ្រោះបឋម។
រឿងរ៉ាវនេះ Post News សុំមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ ទុកឲ្យមិត្តអ្នកអានពិចារណាវិនិច្ឆ័យទៅចុះ៕
មតិយោបល់