(អាស៊ាន)៖ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រស្អែកនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលនៃមេដឹកនាំក្នុងតំបន់នាពេលខាងមុខ ដោយក្នុងនោះ អាចនឹងមានការជជែកគ្នាអំពីការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ នេះបើតាមទីភ្នាក់ងារ ព័ត៌មាន Reuters។
ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានមានមូលដ្ឋាននៅក្នុងប្រទេសជាសមាជិកអាស៊ាន បានឱ្យដឹងទៀតថាកិច្ចប្រជុំខាងលើនឹងត្រូវធ្វើឡើង តាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រស្អែកនេះ ក្រោមការរៀបចំរបស់ព្រុយណេ ដែលជាប្រធានអាស៊ាន។
ការចេញផ្សាយព័ត៌មានខាងលើរបស់ Reuters កើតមានចំពេល អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះបាននិយាយថា ប្រេសិតពិសេសអាស៊ាន នឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រី Aung Sann Su Kyi ដ្បតិលោកស្រីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ៕
មតិយោបល់