ព័ត៌មានជាតិ

ចៅក្រមបដិសេធ មេធាវីថានឹងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ រកអគ្គព្រះរាជអាជ្ញារងមួយរូបឲ្យកាន់រឿងនេះឲ្យធានានៅក្រៅឃុំ

កណ្ដាល: ស្ត្រីម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចមិនដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ ស្ត្រីរូបនេះ ជាប់ចោទពីបទ«រំលោភលើទំនុកចិត្ត» ពាក់ព័ន្ធទឹកប្រាក់ជិត១ម៉ឺនដុល្លារអាមេរិក។

ប្រភពព័ត៌មានច្បាស់ការមួយ សុំមិនបញ្ចេញឈ្មោះ បានថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមេសាថា លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចមិនដោះលែងស្ត្រីឈ្មោះ អៀត សារឹម អាយុ៥១ឆ្នាំ មានមុខរបរមុនចាប់ខ្លួនជាអាជីវករ។ ចំណែកជនរងគ្រោះឈ្មោះ សុខ សោភ័ណ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ប្រភពព័ត៌មានដដែលបន្តថា ក្រោយការសម្រេចបដិសេធនេះ មេធាវីមួយរូបក្នុងចំណោម៣រូប បានអះអាងថា គាត់នឹងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ បន្តទៀត ប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរ

ប្រភពដដែលនិយាយទាំងហួសចិត្តថា មេធាវីរូបនេះ បានបោះពាក្យសម្តីថា នឹងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយរកអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលទើបឡើងកាន់ដំណែងឲ្យកាន់រឿងនេះផ្ទាល់

មន្ត្រីតុលាការខេត្តកណ្ដាលដឹងរឿងនេះច្បាស់បង្ហើបប្រាប់អ្នកសារព័ត៌មានថា នេះជាសិទ្ធិរបស់មេធាវី ហើយប្រសិនបើសភាស៊ើបសួរសាលាឧទ្ធរណ៍ យល់ថាការសម្រេចរបស់ចៅក្រមស៊ើបសួរ មិនត្រឹមត្រូវ សភាស៊ើបសួរ អាចសម្រេចសារជាថ្មីបាន

បើតាមលោក សម្ញំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានប្រាប់ Post News តាមប្រព័ន្ធ What App ថា «កាលណាមេធាវីប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចមិនឲ្យនៅក្រៅឃុំបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ សំណុំរឿងនេះ នឹងត្រូវបញ្ជូនទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍»។ «ចំពោះការចាត់តាំងចៅក្រមទទួលបន្ទុក និងតំណាងមហាអយ្យការ សូមធ្វើការសាកសួរទៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍»។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ភ្នាក់ងារ Post News តាមប្រព័ន្ធ Telegram ថា « ករណីនេះជាការប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចមិនឲ្យនៅក្រៅឃុំរបស់ចៅក្រមស៊ើបសួរ ពុំមែនជាបណ្តឹងឧទ្ធរណ៍លើសំណុំរឿងអង្គសេចក្តីទេ! ដែលនេះជាសមត្ថកិច្ចរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍! ហើយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ជាអ្នកសម្រេចចាត់តាំងអគ្គព្រះរាជអាជ្ញារង ឬព្រះរាជអាជ្ញាទទួលរឿងណាមួយ! អគ្គព្រះរាជអាជ្ញារង ឬព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ចូលរួមអនុវត្តមុខងារក្រោមការដឹកនាំ និងការទទួលខុសត្រូវរបស់អគ្គព្រះរាជអាជ្ញា!»។

គួរបញ្ជាក់ថា យោងដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលបង្ហាញថា ស្ត្រីឈ្មោះ អៀត សារឹម ជាប់ចោទពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ តាមមាត្រា៣៩១ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌ។

ស្ត្រីរងគ្រោះ ធ្លាប់បានបញ្ជាក់ថា ស្ត្រីឈ្មោះ អៀត សារឹម ត្រូវជាមិត្តភក្តិរបស់គាត់ហើយធ្លាប់រកស៊ីជាមួយគ្នា ដោយមានទំនាក់ទំនងជិតស្និទ្ធិផងដែរ ហើយមុនដំបូង ស្ត្រីឈ្មោះ អៀត សារឹម បានខ្ចីប្រាក់ចំនួន៧០០ដុល្លារ រួចបានខ្ចី៨០០ដុល្លារ ទៀត ។ ក្រោយមកបានខ្ចី១,០០០ដុល្លារ និងបានខ្ចីខ្សែដៃ ខ្សែក រួមនឹងគ្រឿងអលង្ការផងដែរសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។

លុះក្រោយមកគាត់ត្រូវការលុយ ពេលទៅសួរនាំយកមកវិញស្រាប់តែស្ត្រីឈ្មោះ អៀត សារឹម ចេះតែគេចវេសថ្ងៃនេះ ថ្ងៃនោះ មិនព្រមសង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងរហូតដល់តុលាការខេត្តកណ្តាលឲ្យជួយរកយុត្តិធម៌ជូនពួកគាត់។

ក្នុងនោះដែរ ស្ត្រីរងគ្រោះបានសម្តែងក្តីសង្ឃឹមថា ប្រព័ន្ធតុលាការ ជាពិសេសសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅតែផ្តល់យុត្តិធម៌ជូនគាត់ ដោយមិនត្រូវដោះលែងជនត្រូវចោទ ដរាបណាស្ត្រីរូបនេះ ពុំទាន់សងប្រាក់នោះទេ ៕

មតិយោបល់