(Reuters) - កាលពីថ្ងៃអាទិត្យ មេបញ្ជាការនគរបាល នៅតំបន់មានជម្លោះ ដែលកាន់កាប់ដោយឥណ្ឌាបាននិយាយថា ពលករចំណាកស្រុកជនជាតិឥណ្ឌាដែលងាយរងគ្រោះនៅរដ្ឋ Kashmir នឹងត្រូវជម្លៀសទៅកាន់ជំរុំកងទ័ព និងនគរបាលដើម្បីការពារ បន្ទាប់ពីពលករមួយចំនួនត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធ។
លោក Vijay Kumar បាននិយាយថា លោកបានណែនាំមន្ត្រីជម្លៀសពលករបន្ទាប់ពីពលករចំនួន បីនាក់ ដែលចាកចេញពីរដ្ឋ Bihar ភាគខាងកើតត្រូវបានបាញ់សម្លាប់នៅក្នុងបន្ទប់ជួលរបស់ពួកគេ ដែលបណ្តាលឲ្យពលករចំនួន ពីរនាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា “ខ្ញុំបានបញ្ជាឲ្យមន្ត្រីជម្លៀសជនងាយរងគ្រោះជាបន្ទាន់” ។
ករណីនេះមិនអាចបញ្ជាក់បានភ្លាមៗនោះទេថា តើជនជាតិឥណ្ឌាប៉ុន្មាននាក់ក្នុងចំណោមរាប់ម៉ឺននាក់មកពីរដ្ឋផ្សេងៗដែលកំពុងធ្វើការនៅរដ្ឋ Kashmir នឹងរងផលប៉ះពាល់ ឬតើពួកគេនឹងត្រូវបង្ខាំងនៅក្នុងជំរំ ឬតើការបញ្ជានោះជាកាតព្វកិច្ច។
នៅមិនទាន់មានក្រុមអះអាងទទួលខុសត្រូវចំពោះការសម្លាប់កាលពីថ្ងៃអាទិត្យ ឬហេតុការណ៍មួយកាលពីថ្ងៃសៅរ៍ដែលពលករចំណាកស្រុក ពីរនាក់ ផ្សេងទៀតត្រូវបានគេបាញ់សម្លាប់នោះទេ។
រដ្ឋ Kashmir មានប្រជាជនភាគច្រើនជាមូស្លីម ត្រូវបានទាមទារកាន់កាប់ទាំងស្រុងដោយឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែបានត្រឹមតែបែងចែកកាន់កាប់តែប៉ុណ្ណោះ។
តំបន់ដែលគ្រប់គ្រងដោយឥណ្ឌាមានការបះបោរប្រដាប់អាវុធដែលកើតឡើងអស់រយៈពេលជាច្រើនទសវត្សមកហើយទេ ប៉ុន្តែទើបតែចាប់ផ្តើមមានការវាយប្រហារទៅលើពលករចំណាកស្រុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះប៉ុណ្ណោះ។
ទីក្រុង New Delhi បានចោទប្រកាន់ទីក្រុង Islamabad ថា គាំទ្រក្រុមសកម្មប្រយុទ្ធ។ ខណៈដែលប៉ាគីស្ថានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថាខ្លួនគ្រាន់តែផ្តល់ការគាំទ្រផ្នែកការទូត និងសីលធម៌ដល់ប្រជាជនKashmir ប៉ុណ្ណោះ ៕
មតិយោបល់