ព័ត៌មានជាតិ

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញ កីឡាករ-កីឡាការិនី ចំនួន៤នាក់ និង គ្រូបង្វឹកម្នាក់ នឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីចូលរួមប្រកួតកីឡា SEA GAMES នាពេលខាងមុខ!

ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញ សមាសភាពកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន៤នាក់ និង គ្រូបង្វឹកម្នាក់ ដែលនឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីបង្កើនសមត្ថភាព ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា ។

លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឱ្យដឹងថា ក្រុមអត្តពលិកទាំង៤នាក់នេះ រួមមានអ្នកគ្រូ ទ្រី សុថាវី កីឡាករ ជឿម ពិសីដ្ឋ ប្រភេទទម្ងន់៨៩ កីឡាករ ពេជ សីហា ប្រភេទទម្ងន់-៥៥ កីឡាការិនី សេង បូរិន ប្រភេទទម្ងន់-៤៥ និងកីឡាការិនី រើន ស្រីនីតប្រភេទទម្ងន់-៧១ ព្រមទាំងក្រុមអត្តពលិកមួយចំនួន នឹងធ្វើការហ្វឹកហាត់នៅក្នុងប្រទេស ទោះបីពួកគេមិនបានចេញហ្វឹកហាត់ ក្រៅប្រទេសក៏ដោយក៏ពួកគេ បន្តហ្វឹកហាត់យ៉ាងសកម្មដែរ។

គួរជម្រាបថា ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយម្នាក់ឬ២នាក់ ក្នុង១ប្រភេទកីឡា នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន នៅចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២ ។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិកដែលមានសមត្ថភាពខ្ពស់ៗ ជាងគេបំផុតក្នុងចំណោមជាង១០ប្រភេទកីឡា។ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេ ត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT(World Taekwondo) ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឱ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕

មតិយោបល់