ព័ត៌មានជាតិ

​ត្រី​រាជ​ស្ថិតក្នុង​បញ្ជី​ក្រហម ​ដែលរងការ​គំរាមកំហែង​យ៉ាងខ្លាំង​ ឈាន​ទៅរក​ការ​ផុត​ពូជ

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ត្រី​រាជ​ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​ធំ​បំផុត​មួយ ហើយ​គេ​សន្មត​ថា ត្រី​នេះ​ធំ​ជាង​ត្រី​បបែល​យក្ស និង​ត្រី​គល់រាំង​ទៅទៀត​។ ត្រី​រាជ​អាចមាន​ប្រវែង រហូតដល់​៣​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ៣០០​គីឡូក្រាម​នោះ អាច​នឹង​ឈានទៅរក ការ​ផុត​ពូជ​ដោយសារ កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​។

នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់ឯកឧត្តម នេ​ត ភ​ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នា​ថ្ងៃ​២១ តុលា ។​

​ឯកឧត្តម នេ​ត ភ​ត្រា ឲ្យ​ដឹង​បន្តថា ត្រី​រាជ​ស្ថិតក្នុង​ក្រុម​ត្រី ដែល​ពុំមាន​ស្រកី មាន​ស្បែក​រលោង ពុកមាត់​ខ្លី​២​គូ ព្រុយ​ខ្នង​ច្បាស់ និង​មាន​ទ្រនុង​រឹង​ចំនួន​៧ ព្រុយ​ខ្លាញ់​តូច ព្រុយ​គូថ​វែង មិន​ជាប់​ជាមួយ​កន្ទុយ និង​មាន​មាត់​នៅ​នៅ​ខាងក្រោម​។​

​ឯកឧត្តម ប​ន្ដថា “​ត្រី​រាជ​ស្ថិតក្នុង​បញ្ជី​ក្រហម ​ដែលមាន​ចំណាត់ថ្នាក់​កំពុង​រង ​ការ​គំរាមកំហែង​យ៉ាងខ្លាំង​ ឈាន​ទៅរក​ការ​ផុត​ពូជ (Critical Endangered) របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ IUCN ហើយ​ត្រី​នេះ ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ​១ របស់​អនុសញ្ញា​សាយ​តេស (CITES) ផងដែរ ដែល​ហាម​ដាច់ខាត ការធ្វើ​នេសាទ ​ទិញ​លក់ និង​ដឹកជញ្ជូន​ផ្សេងៗ​” ។

ឯកឧត្តម នេ​ត ភ​ត្រា បន្តថា ត្រី​រាជ​ត្រូវបាន​ហាមឃាត់​ការធ្វើ​នេសាទ ទិញ​លក់ និង​ដឹកជញ្ជូន តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ តាមរយៈ​ក្រម​នេសាទ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​១៩៥៦ និង​បច្ចុប្បន្ន​តាមរយៈ​អនុក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០០៩ ស្តីពី​ប្រភេទ​ធនធាន​ជលផល ដែល​កំពុង​រងគ្រោះថ្នាក់​នៅ​កម្ពុជា (​ទឹកសាប​) ។​

​គិត​មកទល់ពេលនេះ ក្នុងចំណោម​ត្រី​ធំៗ​បំផុត ទាំង​៣​ប្រភេទ ៖​ទី​១- ត្រី​បបែល​យក្ស , ទី​២- ត្រី​រាជ និង​ទី​៣- ត្រី​គល់រាំង គឺ​ត្រី​រាជ ជា​ប្រភេទ​ត្រី​គ្មាន​ស្រកា​ទឹកសាប​ដ៏​ធំ​បំផុត​។ វា​ចូលចិត្ត​រស់នៅ​តាម​ទន្លេសាប បឹង​ទន្លេសាប និង​តំបន់​មេគង្គ​លើ ជាពិសេស​តាម​អន្លង់​នៅក្នុង ​ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ ​និង​ខេត្តស្ទឹងត្រែង ហើយ​ជា​ប្រភេទ​ត្រី ធ្វើចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ​។

ត្រី​រាជ​តែងតែ​ត្រូវ​ចាប់បាន​ជារឿយៗ នៅតាម​គន្លង​ដាយ​ត្រី​នៅ​ទន្លេសាប ហើយ​ការ​ចាប់បាន​នេះ គឺ​នៅពេលដែល​វា​ធ្វើចរាចរ​ចេញពី​បឹង​ទន្លេសាប នៅ​ខែតុលា​ ទៅរក​កន្លែង​ពង​កូន និង​លាក់ខ្លួន​នៅតាម​អន្លង់​ជ្រៅៗ តាម​ដង​ទន្លេ​មេគង្គ​លើ​។ ត្រី​រាជ​ពេញវ័យ អាច​បន្ត​ពូជ​បាន នៅពេល​មាន​អាយុ​ចាប់ពី​៦ ទៅ​៨​ឆ្នាំ ហើយ​ពួកវា​ពង​កូន​ចាប់ពី​ខែមិថុនា ទៅដល់​ខែកក្កដា នៅ​បឹង​ទន្លេសាប ហើយ​កូន​ត្រី​រាជ​ពេល​កើត​ដំបូង​មាន​ប្រវែង ១២ ទៅ ១៥​សង់ទីម៉ែត្រ​។​

ត្រី​រាជ​នេះ​អាចរ​ស់បាន​រហូតដល់​អាយុ​៦០​ឆ្នាំ ហើយ​ជា​ប្រភេទ​ត្រី​ដែល​ធំ​លូតលាស់​លឿន​បំផុត គឺ​ក្នុង​១​ឆ្នាំ អាច​ឡើង​ទម្ងន់​ជាង ១០​គីឡូក្រាម​។ ត្រី​រាជ​ស៊ី​ស្លែ​ជា​អាហារ​ចម្បង ដោយឡែក​សត្វល្អិត​ក្នុង​ទឹក គឺជា​អាហារ​បន្ទាប់បន្សំ​។

តាម​របាយការណ៍ ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយនេះ គេ​បាន​ប្រទះឃើញ​ត្រី​រាជ​មួយ​ក្បាល ដែល​មាន​ទម្ងន់​ជិត ៣០០​គីឡូក្រាម និង​មាន​ប្រវែង ២,៧៤​ម៉ែត្រ ដែល​ចូល​ដាយ​ត្រី​។ ត្រី​រាជ នេះ​ត្រូវបាន​បំពាក់​ឧបករណ៍​តាមដាន និង​បាន​ព្រលែង​ចូលទៅក្នុង​ទន្លេ​វិញ ៕

 

ប្រភព៖​​​​​​ BTV

មតិយោបល់