ព័ត៌មានជាតិ

អូតង់ បាន​បើក​ការប្រជុំ ដើម្បីពិភាក្សាគ្នារៀបចំកម្លាំង ការពារ​ប្រទេសសមាជិក​នៃសម្ព័ន្ធនេះវិញ បន្ទាប់ពីបរាជ័យ នៅអាហ្វហ្កានីស្ថាន

កំណែទម្រង់យុទ្ធសាស្រ្ត កំពុងតែត្រូវបាន​ចាប់ផ្តើមធ្វើហើយ។ យើងនឹងកាត់បន្ថយឲ្យ​បានច្រើនបំផុត នូវការ​បញ្ជូនកម្លាំងទៅធ្វើបេសកកម្ម ដែលស្ថិតនៅក្រៅតំបន់ភូមិសាស្ត្រ នៃសម្ព័ន្ធអាត្លង់ទិកខាងជើង។ នេះគឺជាប្រសាសន៍លើកឡើង របស់លោក Jens Stoltenberg អគ្គលេខាធិការអូតង់ នៅចំពោះមុខអ្នកកាសែត​ មុននឹងបើកការប្រជុំនៅទីស្នាក់ការក្នុង​ក្រុងព្រុចស៊ែល។ លោក​បានបន្ថែមថា កម្មវត្ថុថ្មីគឺ ធ្វើយ៉ាងណារៀបកម្លាំងឲ្យល្អ ឲ្យចំគោលដៅ នឹងចំកាលៈទេសៈ។

កិច្ចប្រជុំរបស់អូតង់ នឹងមានការចូលរួម ពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកទាំងអស់ ដោយ​លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏នឹងមានវត្តមានដែរ។ នៅថ្ងៃសុក្រ ការជជែកគ្នានឹងផ្តោតសំខាន់ទៅលើ តួនាទីរបស់សហភាពអឺរ៉ុប និងការចង់បានរបស់ប្រទេសខ្លះ ដូចជាបារាំងជាដើម ទាក់ទិននឹងការបង្កើតកម្លាំងពិសេសរបស់អឺរ៉ុប ដើម្បីធ្វើបេសកកម្មជំនួសអូតង់​ នៅពេលណាដែលអូតង់ មិនអាចឬមិនចង់ធ្វើ។

លោកអគ្គលេខាធិការអូតង់ បានបញ្ជាក់ថា ចិន និងរុស្ស៊ីកំពុងពង្រឹង និងវិវឌ្ឍន៍សព្វាវុធទំនើបសំបើមណាស់ ជាក់ស្តែងមីស៊ីលល្បឿនលឿនជាងសំឡេង អាវុធអវកាស ព្រមទាំងសមត្ថភាព​វាយ​ប្រហារដោយ​ប្រើប្រព័ន្ធបច្ចេកវិទ្យាជាដើម។ កត្តាទាំងអស់នេះ គឺបានជំរុញឲ្យ​អូតង់ ត្រូវតែពិចារណារៀបផែនការជាថ្មី ដើម្បីការពារទប់ទល់។

គួរបញ្ជាក់ថា កិច្ចប្រជុំអូតង់នៅពេលនេះ គឺជាឱកាស ឲ្យ​សមាជិក​និយាយលើកឡើង បូកសរុបពីបទពិសោធន៍​ល្អ និង​អាក្រក់ បន្ទាប់ពី​ការដកទ័ព​យ៉ាងតក់ក្រហល់របស់អូតង់ និងអាមេរិក ចេញពីអាហ្វហ្កានីស្ថាន។ ជាការដកទ័ពដែលមតិខ្លះលើកឡើងថា ជាបរាជ័យ​ដ៏ធំរបស់អូតង់ ទាំងដែលតាំងពីដំបូង អូតង់​មិនគួរទៅចូលរួម​ក្នុងសង្គ្រាម​នៅអាហ្វហ្កានីស្ថានសោះ ព្រោះវាមិនមែនជាដែនភូមិសាស្ត្ររបស់អូតង់។​ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានអះអាងថាភាគីអាមេរិក ត្រៀមខ្លួននិយាយក្នុងអង្គប្រជុំនេះ អំពីបទពិសោធន៍ ដែលបានទាញចេញពីបញ្ហាចលាចល អាណាធិបតេយ្យ ដែលបាន​កើតឡើង ក្នុងអំឡុងពេលដកទ័ព​ចេញពីអាហ្វហ្កានីស្ថាន។

ដោយឡែក មន្ត្រីទូតអឺរ៉ុបម្នាក់បានលើកឡើងថា អូតង់បរាជ័យ និង​គ្មានការទទួលខុសត្រូវ ព្រោះប្រតិបត្តិការដកទ័ពជម្លៀសមនុស្សចេញ​ពីកាប៊ុល បានធ្វើឡើង ដោយ​គ្មានពិគ្រោះយោបល់ ឬជូនដំណឹងដល់​​សមាជិកផ្សេងទៀត សូម្បីតែមួយម៉ាត់។ ជាងនេះទៀត ក្នុងពេល​ដែល​អូតង់កំពុងដកទ័ព ទាំងលោកអគ្គលេខាធិការ និងអគ្គលេខាធិការរង សុទ្ធតែកំពុងតែសំរាក​វិស្សមកាលលំហែរកាយ៕

 

មតិយោបល់