ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត សម្លាប់ខ្លួន សង្ស័យតូចចិត្តនឹងខ្លួនពិការយូរឆ្នាំ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ជាជនពិការបានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម។ ហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ(ដើរមិនរួច)យូរឆ្នាំ នៅតែម្នាក់ឯង គ្មានប្រពន្ធកូន នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីអតីតធ្លាប់បានធ្វើជាទាហានផងដែរ។

លោកអធិការស្តីទី បានបញ្ជាក់ថា៖ក្រោយពីកើតមានករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត កម្លាំងនគរបាលបានបង្កើតក្រុមការងារហ៊ុំព័ទ្ធកន្លែងកើតហេតុ និងក្រុមការងារចុះធ្វើកោសល្យវិច្ច័យ ដែលមានសមាសភាព៖១-លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសហការរី,២-រូបលោកផ្ទាល់,៣-លោក ទន់ ថុល មេឃុំណាំតៅ, ៤-លោកអនុសេនីយ៍ឯក គុណ ឆវិន មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកភ្នំស្រុក,៥-វេជ្ជបណ្ឌិត ត្រួក ចាន់ឌី ពេទ្យកោសល្យវិច្ច័យ ។

លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ឆ្លងតាមការត្រួតពិនិត្យឃើញវត្ថុតាងមាននៅនឹងកន្លែងកើតហេតុ១-គំរបគ្រាប់បែកមានពណ៌ខៀវម៉ាក(មីនី)ចំនួន០១, ២-កន្លាស់គ្រាប់បែកធ្វើពីដែកមូលចំនួន០១និងខ្លួនសព មានស្នាមរបួសជាច្រើនកន្លែង ។

លោកនាយការិយាល័យបច្ចេកទេស បានបញ្ជាក់ថា៖ជនរងគ្រោះពិការនោះគឺអវជីវៈមានធម្មតាតែគាត់ដើរមិនរួច តាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើជាទាហាន ធ្លាក់ខ្លួនឈឺពិការជាង១០ឆ្នាំមកហើយ។ ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្ដីជំនាញ និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច្ច័យ ឈ្មោះម៉ី កូត បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ។ ទាក់ទិននឹងការដាច់ចិត្តធ្វើអត្តឃាតនេះ សង្ស័យតូចចិត្តនឹងខ្លួនពិការ យូរឆ្នាំរស់នៅម្នាក់ឯង។ មួយវិញទៀតគ្រាប់បែកដែលធ្វើអត្តឃាតនោះសង្ស័យគាត់លាក់ទុកកាលពីធ្វើទាហាន ហើយគ្មានអ្នកណាបានដឹង ៕

មតិយោបល់