ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក ដើម្បីទាក់ទាក់ភ្ញៀវទេសចរ និង អ្នកវិនិយោគឱ្យបានច្រើនឡើងវិញ។ ការបើកឱ្យពិចារណានេះ ខណៈដែលប្រទេសថៃ បានអនុញ្ញាត ឱ្យអ្នកដំណើរមកពី ៤៥ប្រទេស និងទីក្រុងហុងកុង អាចធ្វើដំណើរចូលប្រទេសថៃ ដោយមិនបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ ។

ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសថៃបានចេញបញ្ជីមួយ ដែលបានអនុញ្ញាត ឱ្យអ្នកដំណើរមកពី ប្រទេសចំនួន៤៥ប្រទេស និងទីក្រុងហុងកុង ដែលមានហានិភ័យទាបពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ អាចចូលមកក្នុងប្រទេសថៃបាន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះឡើយ ដែលក្នុងនោះ ប្រទេសអាស៊ាន មានប្រទេសចំនួន៣ គឺកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលអាច ចេញចូលក្នុងប្រទេសថៃបាន ។

សម្តេចតេជោបន្តថា ប្រសិនបើដូចនោះមែន គឺអាចនឹងចាប់យកវិធានការបដិការជាមួយប្រទេសថៃតែម្តង ដែលអាចឱ្យភ្ញៀវទេចរ និងអ្នក វិនិយោគដែលចូលក្នុងប្រទេសថៃហើយ អាចចូលមកដល់ប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច សង្គម ការវិនិយោគ និងទេសចរណ៍ ។ សម្តេចតេជោ បន្តទៀតថា ដើម្បីចាប់យកឱកាសដែលយើងមាន ហើយក៏ត្រូវពិនិត្យមើល លទ្ធភាពនៃការបើកឡើងវិញ នូវផ្លូវអាកាស ជាមួយទីក្រុងកូឡាំពួរប្រទេសម៉ាឡេស៊ី ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និង ហ្វីលីពីន ជាដើម មកកម្ពុជាវិញផងដែរ ខណៈដែលយើងបានធ្វើការគ្រប់គ្រងល្អហើយ សម្រាប់ព្រលានយន្តហោះរបស់យើង ។ បន្ថែមពីនោះទៀតយើងក៏បានកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កផងដែរ ដែលអាចជាផ្នែកមួយនៃការទាក់ទាញ និងឈានទៅដល់ ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាពគឺទេសចរណ៍វ៉ាក់សាំង ។

« ហេតុអ្វីបានជាត្រូវធ្វើអ៊ីចឹងខ្ញុំសុំលើកជាយោបល់តិច ដើម្បីឱ្យធ្វើការពិចារណា យើងត្រូវបានប្រទេសខ្លះមិនមានទំនាក់ទំនង ផ្លូវអាកាសជាមួយយើងទេ ប៉ុន្តែប្រទេសខ្លះក៏យើងខ្លួនឯងជាអ្នកបិទដែរ ដោយសារមានការឆ្លងកូវីដ១៩ខ្លាំងពេក ។ ឥឡូវនេះការហោះហើររបស់កម្ពុជា មានមកពីប្រទេសសិង្ហបុរី ចិននិងកូរ៉េ អ៊ីចឹងប្រសិនបើជាថៃចាប់ផ្តើមអនុវត្តបញ្ហានេះ យើអាចចាប់ផ្តើម មានគោលការណ៍បដិការជាមួយថៃ ។ យើងទៅថៃគេមិនឱ្យធ្វើចត្តាឡីស័ក ថៃមកយើងក៏មិនធ្វើចត្តាឡីស័ក អ៊ីចឹងអាចចាប់ផ្តើមបើក ការហោះហើរ ឧបមាថា ទេសចរណ៍នៅថៃទទួលគឺមកដល់ថៃអាចមកដល់កម្ពុជា ក្នុងពេលដែលយើងមានគោលការណ៍រួចមកហើយ គឺវីសាមួយប្រើបាន២ប្រទេស អ៊ីចឹងអាចថា ទម្លាយទេសចរថៃ អ្នកវិនិយោគថៃ មកកាន់កម្ពុជាផងនិងទេសចរពីប្រទេសដទៃមកប្រទេសថៃ អាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា » ៕

 

មតិយោបល់