ព័ត៌មានជាតិ

ចាប់ខ្លួនជនបរទេសចំនួន ៤នាក់ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ពីបទ ពង្រត់ និងបង្ខាំងមនុស្សចំនួន ៨នាក់ ដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនបរទេសចំនួន ៤នាក់ បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ពីបទ ពង្រត់ និងបង្ខាំងមនុស្សចំនួន ៨នាក់ ដោយខុសច្បាប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងបុរីសានស៊ានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងបានរំដោះជនជាតិថៃ ៦នាក់ និងជនជាតិខ្មែរចំនួន ២នាក់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបការចាប់ជំរិតនេះដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះស្រាវជ្រាវ និងឈានដល់ការឆ្មក់ឃាត់ខ្លួនបរទេសចំនួន ៤នាក់ មានជនជាតិចិន ២នាក់ ជនជាតិបង់ក្លាដេស ២នាក់។

ជនសង្ស័យទាំង៤នាក់ ដែលពាក់ព័ន្ធករណីពង្រត់ និងបង្ខាំងមនុស្សដោយខុសច្បាប់នេះ មានឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន, ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន, ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស, ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។

ប្រភព៖​​​​​​ CNC

មតិយោបល់