ទុរេនមកពីខេត្ត Nonthaburi នៃប្រទេសថៃ មានតម្លៃដល់ទៅ ៣៨០ដុល្លារក្នុងមួយផ្លែដែលមានទម្ងន់ ២,៥គីឡូក្រាម។
មូលហេតុធំៗដែលធ្វើឱ្យផ្លែទុរេន នេះមានតម្លៃថ្លៃគឺ សណ្ឋានដីនៃខេត្ត Nonthaburi និងបច្ចេកទេសថែទាំរបស់អ្នកដាំ។
ទឹកទន្លេ Chao Phraya ដែលហូរឆ្លងកាត់ខេត្ត Nonthaburi បាននាំមកនូវជីជាតិសម្រាប់ដីចម្ការទុរេន និងបង្កើនគុណភាពដី។ អ្នកចម្ការប្រើប្រាស់បច្ចេកទេសម៉្យាង ដោយដាំរុក្ខជាតិផ្សេងៗ ឬរុក្ខជាតិប្រភេទគ្រាប់នៅនឹងគល់នៃដើម ដើម្បីរក្សាសំណើមដី និងស្រោចទឹក ជារៀងរាល់ព្រឹក។
ទឹកដែលយកមកស្រោច គឺជាទឹកស្អាត។ គេត្រូវចំណាយអស់យ៉ាងតិច ២ ២០០ដុល្លារក្នុងមួយឆ្នាំ ក្នុងការទិញទឹកមកស្រោចស្រព។
ចំពោះការថែទាំ អ្នកចម្ការត្រូវពិនិត្យមើលដើម និងផ្លែជាប្រចាំថាតើមានសត្វល្អិតចង្រៃ ឬជម្ងឺឆ្លងដែលអាចធ្វើឱ្យប៉ះពាល់ដល់ការធំធាត់ឬយ៉ាងណា។ ជាទូទៅ គេចំណាយពេល ៦ឆ្នាំដើម្បីឱ្យទុរេនចេញផ្លែ និងចំណាយពេលពី ៥០-៩០ថ្ងៃបន្ថែមទៀត ទើបផ្លែទុរេនទុំល្មមអាចហូបបាន។
ប្រភព៖ AMS One-minute



មតិយោបល់