សារព័ត៌មានរបស់ចិនផ្សាយថា វត្តសៅលីញ ដែលជាប្រភពវិជ្ជាគុនកុងហ្វូមានប្រវត្តិជាង១៥០០ឆ្នាំមកហើយនោះ បានប្រកាសតាមរយៈក្រុមហ៊ុនមួយ និងផ្សព្វផ្សាយតាមប្រព័ន្ធវេបសាយ Yuji ជ្រើសរើសនាយកផ្នែកគ្រប់គ្រង និង ប្រធានគណៈកម្មការវត្ត កាលពីថ្ងៃទី៩កញ្ញា ឆ្នាំ២០១៤ ។លក្ខណៈសម្បត្តិរបស់បេក្ខជន គឺមិនប្រកាន់ភេទទេ ប៉ុន្តែត្រូវមានសមត្ថភាពក្នុងការដោះស្រាយរាល់ការរិះគន់ និងថែរក្សានិមិត្តរូបរបស់វត្តសៅលីញ បន្ទាប់ពីមនុស្សភាគច្រើនរិះគន់ថា ជាប្រភពស្វែងរកផលប្រយោជន៍ផ្នែកជំនួញហួសហេតុ ។
បេក្ខជនចាំបាច់ត្រូវជាមនុស្សមានការយោគយល់ និងគោរពព្រះពុទ្ធសាសនានិកាយសេន។ លោកយ៉ាង តំណាងក្រុមហ៊ុនជ្រើសរើសនោះ ឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មានបេក្ខជនដាក់ពាក្យជាង៣០០នាក់ មកពីទូទាំងពិភពលោក ក្នុងនោះមានទាំងនិស្សិតទើបបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ល្បីៗនៅបរទេស និងព្រឹទ្ធបុរសផ្នែកការទាក់ទងទូទៅផងដែរ ។ ចាប់តាំងពីកាន់តំណែងជាចៅអធិការវត្ត នៅឆ្នាំ១៩៩៩មក សម្តេចសង្ឃយ៉ុងស៊ីន ព្យាយាមធ្វើកំណែទម្រង់ក្នុងមជ្ឈមណ្ឌលបង្ហាត់វិជ្ជាគុនសៅលីញនោះ ធ្វើឱ្យមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ប៉ុន្តែអ្នកបួសភាគច្រើនបែរជាប្រឆាំងដោយយល់ថា ព្រះអង្គធ្វើឱ្យអាប់ឱនទៅវិញ ព្រោះព្រះអង្គទាញយកផលប្រយោជន៍ពីវត្តក្នុងលក្ខណៈពាណិជ្ជកម្ម ហួសហេតុ ។
កន្លងមកចៅអធិការវត្តសៅលីញយ៉ុងស៊ីន ធ្លាប់គំរាមប្តឹងក្រុមហ៊ុនឯកជនមួយ ដែលយករូបភាព និងឈ្មោះវត្តសៅលីញទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាត និងបង្កើតវេបសាយរបស់វត្តជាភាសាចិន និងអង់គ្លេស ។ ព្រះចៅអធិការវត្តសៅលីញអង្គនោះ ធ្លាប់ចូលរួមដឹកនាំផលិតខ្សែភាពយន្ត ដោយរៀបរាប់ពីប្រវត្តិវត្តសៅលីញ ។ ចំពោះប្រាក់ចំណូលទទួលបានពីខ្សែភាពយន្តនោះ រងការរិះគន់ថា យកទៅប្រើប្រាស់ខ្ជះខ្ជាយ ដូចជា សាងសង់បន្ទប់ទឹកសម្រាប់ភ្ញៀវ ដែលចូលទស្សនាវត្ត ដោយមានអ្នកសម្អាតអនាម័យ និងបំពាក់ទូរទស្សន៍នៅក្នុងវត្តជាដើម ៕
មតិយោបល់