(Reuters) – ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់អាយុ ២៤ ឆ្នាំ ស្លៀកពាក់ជាត្លុក នៅក្នុងរឿង Batman បានវាយប្រហារអ្នកដំណើរនៅលើខ្សែរថភ្លើងក្រុងតូក្យូកាលពីល្ងាចថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្ស ១៧ នាក់រងរបួស ខណៈដែលអ្នកដំណើរដែលជាអ្នកចូលរួមក្នុងពិធីជប់លៀងជាច្រើនបានធ្វើដំណើរទៅកាន់កណ្តាលទីក្រុងដើម្បីចូលរួមបុណ្យ Halloween ។ .
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នគរបាលបានចាប់ខ្លួនជនសង្ស័យដែលជាអ្នកវាយប្រហារនៅនឹងកន្លែងកើតហេតុ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បុរសម្នាក់ដែលមានអាយុប្រហែល ៦០ឆ្នាំ បានសន្លប់ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានចាក់ដោយកាំបិត ខណៈសាក្សីក៏បាននិយាយផងដែរថា អ្នកវាយប្រហារបានចាក់សាំងនៅជុំវិញរថភ្លើង ហើយបានដុត។
វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញពីមនុស្សសម្រុកចាកចេញ ពីទូររថភ្លើង ដែលបានឆាបឆេះប៉ុន្មានវិនាទីក្រោយ។ វីដេអូមួយទៀតបានបង្ហាញពីអ្នកដំណើរលោតផ្លោះពីបង្អួចរថភ្លើង រត់ទៅកាន់កន្លែងរងចាំរថភ្លើង។
សាក្សីម្នាក់បានប្រាប់កាសែត Yomiuri ដោយរំលឹកពីពេលដែលលោកឃើញអ្នកដំណើរផ្សេងទៀតរត់ទាំងភ័យស្លន់ស្លោទៅកាន់ទូររថភ្លើងរបស់លោកថា “ខ្ញុំគិតថាវាជាការសំដែងសម្រាប់ពិធី Halloween”។ “ប៉ុន្តែបន្ទាប់មកខ្ញុំឃើញបុរសម្នាក់ដើរមកនេះ គ្រវីកាំបិតមួយវែងយឺត”។ លោកបាននិយាយថា មានឈាមនៅលើកាំបិតនោះ ៕
មតិយោបល់