(វីលនីញូស)៖ សភាជាតិនៃប្រទេសលីទុយអានី នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសភាពអាសន្ន នៅតាមតំបន់ព្រំដែនរបស់ខ្លួន ជាប់ជាមួយប្រទេសបេឡារុស ជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៩០មក។
ការប្រកាសភាពអាសន្នខាងលើត្រូវបានរំពឹងថា នឹងចូលជាធរមាននៅថ្ងៃពុធសប្ដាហ៍នេះ ហើយការប្រកាសភាពអាសន្ននេះទៀតសោត ធ្វើឡើងជាការឆ្លើយតបទៅនឹងលំហូរចូល ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលកំពុងព្យាយាមធ្វើដំណើរពីប្រទេសបេឡារុស ចូលទៅកាន់ប្រទេសប៉ូឡូញ។
ការប្រកាសភាពអាសន្នរបស់សភាលីទុយអានី ដែលមានរយៈពេល ១ខែ នឹងគ្របដណ្ដប់លើតំបន់ព្រំដែនទាំងមូលជាមួយបេឡារុស ព្រមទាំងទឹកដីលីទុយអានី ផ្នែកខាងក្នុងចម្ងាយ ៥គីឡូម៉ែត្រពីព្រំដែន ហើយភាពអាសន្ននេះអាចនឹងត្រូវបន្ថែមពេលវេលាអនុវត្ត នៅក្នុងករណីចាំបាច់។
សហភាពអឺរ៉ុបបានចោទប្រកាន់រដ្ឋាភិបាលបេឡារុស ដែលមានប្រទេសរុស្ស៊ីជាខ្នងបង្អែកថា ជាអ្នកអនុញ្ញាតឲ្យជនអន្តោប្រវែសន៍មកពី មជ្ឈិមបូព៌ា, អាហ្វហ្គានីស្ថាន និងអាហ្វ្រិកជាដើម ប្រើប្រាស់ទឹកដីប្រទេសនេះ ឆ្លងកាត់ទៅរកបណ្តាប្រទេសអឺរ៉ុបដូចជា លីទុយអានី និងប៉ូឡូញជាដើម ដែលកំពុងបង្កឲ្យមានបញ្ហាយ៉ាងច្រើន៕
ប្រភព៖ AFP



មតិយោបល់