ព័ត៌មានជាតិ

តៃវ៉ាន់ មានផែនការបង្កើនការបណ្ដុះបណ្ដាលកងទ័ពបម្រុង ខណៈកំពុងមានភាពតានតឹងជាមួយចិន

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារ ទី០២ វិច្ឆិកានេះបានឱ្យដឹងថាខ្លួននឹងបង្កើនការបណ្ដុះបណ្ដាលកងកម្លាំងយោធាបម្រុងនៅឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះ រួមទាំងការបង្កើតសមយុទ្ធបាញ់គ្រាប់ពិត និងប្រយុទ្ធ ខណ:ចិនបានធ្វើសកម្មភាពយោធាកាន់តែខ្លាំងឡើងៗ នៅក្បែរដែនកោះនេះ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ចាប់ពីឆ្នាំ២០២០តទៅ ការបណ្ដុះបណ្ដាលដែលជាកាតព្វកិច្ចសម្រាប់កងទ័ពបម្រុង នឹងត្រូវបង្កើនពីត្រឹម៥-៧ថ្ងៃ ទៅដល់១៤ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេ។ បច្ចុប្បន្ន តៃវ៉ាន់មានកងទ័ពបម្រុងប្រមាណ ២.៣លាននាក់។

ភាពតានតឹងរវាងតៃវ៉ាន់និងចិន បានកើនឡើងជាខ្លាំង ដោយសារតែការធ្វើប្រតិបត្តិការយោធាកាន់តែញឹកញាប់ របស់ទីក្រុងប៉េកាំង នៅក្បែរកោះតៃវ៉ាន់ ជាពិសេសតាមរយ: ការចល័តក្រុមយន្តហោះយោធាចិនជាដដែលៗ ចូលក្នុងតំបន់ការពារដែនអាកាសរបស់ ដីកោះនេះ។

កាលពីខែមុន រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឆូវ គូឆឹង (Chiu Kuo-cheng) បានចាត់ទុកស្ថានការណ៍បច្ចុប្បន្នថា មានសភាពធ្ងន់ធ្ងរជាខ្លាំង ក្នុងរយ:ពេលជាង៤០ឆ្នាំមកនេះ ហើយលោកបានទទូចឲ្យបង្កើនការចំណាយបន្ថែមលើវិស័យយោធា ជាពិសេសលើការអភិវឌ្ឍសព្វាវុធ និងបានព្រមានផងដែរថាចិនអាច នឹងមានសមត្ថភាពគ្រប់គ្រាន់វាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥៕

ប្រភព៖ Reuters

មតិយោបល់