ព័ត៌មានជាតិ

ក្រុមអ្នកជំនាញ បង្ហាញពី កំបោរបាយអមានតួនាទីសំខាន់ ក្នុងការកសាង និងជួសជុលប្រាសាទ ដែលធ្វើឡើងពីឥដ្ឋ

សៀមរាប៖ ក្រុមអ្នកជំនាញ បានបង្ហាញពី កំបោរបាយអមានតួនាទីសំខាន់ណាស់ ក្នុងការកសាង និងជួសជុលប្រាសាទ ដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សារភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នាឡើងវិញ ជួយការពារការជ្រាបទឹក។

អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណរយ:ពេល ២០ឆ្នាំហើយ អ្នកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។ អ្នកស្រីបន្ដថា កូនខ្មែរជំនាន់នេះ បានចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។ អ្នកស្រីបន្ដថា រូបគាត់ជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះជំនាញផ្សំធាតុលាយបាយអសម្រាប់ជួសជុលប្រាសាទ ដែលធ្វើពីឥដ្ឋនេះ ដែលជំនាញនេះគឺចេះពីជីតារបស់គាត់ និងបានបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរាផងដែរ។ អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងការលាយបាយអ តាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។ សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអ បានបច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កម្ទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង និងកាវស្បែកគោជាដើម។

យោងតាមឯកសារស្រាវជ្រាវមួយបានបង្ហាញថា កំបោរជាវត្ថុមានសាច់ផូរផង់មានពណ៌សកើតឡើងពីថ្មម្យ៉ាងដែលដុតសុស ឬអំពីសំបកលៀស គ្រំជាដើម ឬហៅថាកំបោរលៀស។ ចំណែកបាយអជាចំណុះធាតុពីរយ៉ាងគឺកំបោរ និងខ្សាច់លាយនឹងសម្រាប់បូកជាមួយសំណង់ធ្វើអំពីឥដ្ឋ ថ្មភក់ ឬថ្មបាយក្រៀម ដើម្បីឱ្យផ្ទៃរលោងគឺបំពេញនូវស្នាមប្រេះ បន្សារមុខតំណឥដ្ឋ មុខលាបខ្មុកម្រ័ក្សជាដើម ដែលជនជាតិខ្មែរចូលចិត្តហៅថាកំបោរបាយអ។ ឯកសារស្រាវជ្រាវបានបញ្ជាក់ថា មនុស្សចាប់ផ្តើមប្រើប្រាស់កំបោរបាយអ នៅសតវត្សទី១ នៃគ្រិស្តសករាជ ដោយជនជាតិក្លឹង្គ បានធ្វើពាណិជ្ជកម្មតាមសមុទ្រមកកាន់តំបន់ភូមិភាគអាស៊ីក្នុងសម័យគន្ធារ (Gandhara)នៅប្រទេសឥណ្ឌា។ លទ្ធផលកំណាយតំបន់បាថេក្នុងដែនដីអាណាចក្រនគរភ្នំ បានរកឃើញព្រះកេស(ក្បាល)ព្រះពុទ្ធបដិមាមួយអង្គ ដែលឆ្លាក់តាមរចនាបថគន្ធារ។ ដូច្នេះអាចសន្និដ្ឋានបានថា កំបោរបាយអមាននៅដែនដីអាណាចក្រខ្មែរយើងរួចហើយ សិល្បករបង្កើតតាមរូបមន្តដោយពឹងផ្អែកជាមូលដ្ឋានលើរូបធាតុដើមដែលមានវត្តមាននៅក្នុងស្រុក៕

មតិយោបល់