ភ្នំពេញ៖ ក្រោយពីត្រូវបានលោក សៀង សុខ តំណាងអយ្យការសាកសួរអស់រយៈពេលពេញមួយព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ នៅម៉ោងប្រមាណជា១១ និង៣០នាទីនេះលោក ទួន សុជាតិ ថៅកែហាងកាត់សក់យីហោ ខ្មែរអង្គរ បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនលោកមិនបានដឹងរឿងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងកញ្ញា ខុម ដារ៉ាទី ហៅស្រីមុំ នោះទេ។ លោក បានបដិសេធមិនធ្វើការបងស្រាយអ្វីឡើយចំពោះរឿងនេះ ដោយគ្រាន់តែលោកនិយាយថា លោក មកបំភ្លឺនៅតុលាការនៅថ្ងៃនេះ ក្នុងនាមជាថៅកែហាងដែលស្រីមុំធ្វើការតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការកោះហៅសាក្សីគឺលោក ទួន សុជាតិ មកសាកសួរបានធ្វើឡើង បន្ទាប់ពីនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានស៊ើបអង្កេត និងបញ្ជូនសំណុំរឿងរបស់កញ្ញា ធី សុវណ្ណថា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យបណ្តឹងមកតុលាការកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ អំពីករណីបរិហារកេរ្តិ៍លើរូបនាង ដោយធ្វើឡើងតាមរយៈខ្សែអាត់សម្លេងសន្ទនារវាងលោក កឹម សុខា ជាមួយកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាងយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា សម្លេងខ្សែអាត់ឆ្លងឆ្លងស្នេហារវាងលោក កឹម សុខា និងកញ្ញា ស្រីមុំ ត្រូវបានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះ ជាសាធារណៈជាច្រើនភាគ និងត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ខណៈដែលកញ្ញាស្រីមុំបានព្យាយាមបដិសេធថា វាមិនមែនជាសម្លេងរបស់នាងនោះទេ ចំណែកលោក កឹម សុខា បានប្រើប្រាស់យុទ្ធ ម៣ គឺមិនឆ្លើយ មិនឆ្លង មិនឈ្លោះ រហូតមក៕
មតិយោបល់