ព័ត៌មានជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន លើកឡើងជាថ្មីនូវសំណើយាង សម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកូរ៉េខាងជើង

(សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។

លោក Lee In-young ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកប្រធានាធិបតី មូន ចែអ៉ីន បានលើកឡើងជាថ្មីនូវសំណើផ្លូវការមួយ អញ្ជើញសម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅក្នុងជំនួបមួយនៅឯបុរីវ៉ាទីកង់កាលពីសប្ដាហ៍មុន។ លោក មូន ជឿជាក់ដំណើរទស្សនកិច្ចរបស់សម្ដេចប៉ាបនឹងជួយលើកកម្ពស់សន្តិភាពនៅលើ ឧបទ្វីបកូរ៉េ ខណៈសម្ដេចប៉ាបក៏ធ្លាប់បានបញ្ជាក់ពីព្រះទ័យយាងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងផងដែរ។

លោក មូន ចែអ៉ីន ក៏ធ្លាប់បានលើកឡើងនូវសំណើយាងសម្ដេចប៉ាបបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងផងដែរ កាលពីឆ្នាំ២០១៨ តែបានបរាជ័យ ដោយសារតែភាពជាប់គាំងនៃកិច្ចចរចនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ មកទល់នឹងពេលនេះ, របបដឹកនាំលោក គីម ជុងអ៊ុនមិនបានឆ្លើយតបនឹង
សំណើអាមេរិកនោះទេពាក់ព័ន្ធនឹងការរៀបចំកិច្ចចរចាឡើងវិញ ដោយចង់ឱ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន៕

ប្រភព៖​​​​​​ Yonhap

មតិយោបល់