ព័ត៌មានជាតិ

ចិន ចោទសហរដ្ឋអាមេរិកថានិយាយបំផ្លើសពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន

(ប៉េកាំង)៖ ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកានេះបានប្រកាសចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្ដីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនមានភាពលម្អៀងទាំងស្រុង ហើយថាទីក្រុងវ៉ាស៊ីនតោនបាននិយាយបំផ្លើសពីឃា្លំងអាវុធនុយក្លេអ៊ែរចិន។

នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយក្នុងទីក្រុងប៉េកាំង, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា «របាយការណ៍ចេញផ្សាយដោយ
ក្រសួងការពារជាតិអាមេរិក គឺដូចគ្នាទៅនឹងរបាយការណ៍មុនៗដែរដែលផ្ទុយពីការពិត និងមានភាពលម្អៀងទាំងស្រុង»។ លោកបន្ថែមថាទីក្រុងវ៉ាស៊ីនតោនមានចេតនា ប្រើប្រាស់របាយការណ៍នេះដើម្បីបំផ្លើសពីការគំរាមកំហែងនៃនុយកេ្លអ៊ែររបស់ចិន ខណ:សហរដ្ឋអាមេរិកខ្លួនឯងជាប្រភពធំបំផុតនៅលើពិភពលោកនៃការគំរាមកំហែង នុយក្លេអ៊ែរ។

នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ មន្ទីរបញ្ចកោណបានព្យាករថាចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ៧០០គ្រាប់ នៅត្រឹមឆ្នាំ២០២៧ ហើយ នឹងកើនដល់ ១,០០០គ្រាប់នៅឆ្នាំ២០៣០។ ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែលមន្ទីរបញ្ចកោណ ធ្លាប់បានធ្វើការប៉ាន់ប្រមាណកាលពីមួយឆ្នាំមុន ខណ:បច្ចុប្បន្នចិន ត្រូវបានគេជឿជាក់ថាមានក្បាលគ្រាប់នុយក្លេអ៊ែរ ៣២០គ្រាប់៕

ប្រភព៖ AFP

មតិយោបល់