ប្រទេសចិន បានទាមទារកោះតៃវ៉ាន់ ហើយបានបង្កើនកិច្ចប្រឹងប្រែងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីធ្វើឱ្យតៃវ៉ាន់ឯកោនៅលើឆាកអន្តរជាតិដោយប្រឆាំងការប៉ុនប៉ងដែលចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងជារដ្ឋឯករាជ្យ។ ការលុកលុយរបស់កងទ័ពអាកាសចិននាពេលថ្មីៗនេះចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ នាំឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់រដ្ឋាភិបាលក្រុងតៃប៉ិ រួមទាំងពីសហរដ្ឋអាមេរិក ដែលបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងគាំទ្រការការពារខ្លួនរបស់ដែនកោះនេះ។
គណៈប្រតិភូនេះដឹកនាំដោយលោក Raphael Glucksmann សមាជិកសភាសហភាពអឺរ៉ុបដែលជាជនជាតិបារាំងដែលជាអ្នករិះគន់ចិន ហើយលោកស្ថិតក្នុងចំណោមសមាជិកសភាចំនួនប្រាំនាក់ដែលរដ្ឋាភិបាលក្រុងប៉េកាំងដាក់ទណ្ឌកម្មកាលពីខែមីនា។ ក្រុមនេះ ត្រូវបានហៅថា ជាគណៈប្រតិភូសភាអឺរ៉ុប«ផ្លូវការ»ដំបូងទៅកាន់ទីក្រុងតៃប៉ិ។ លោក Glucksmann បានហៅលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ថាជា«កំណប់ទ្រព្យដែលអ្នកប្រជាធិបតេយ្យទាំងអស់នៅជុំវិញពិភពលោក គួរលើកតម្កើង និងការពារ»។
នៅពេលគណៈប្រតិភូបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen នៅថ្ងៃព្រហស្បតិ៍ លោកបាននិយាយថា «យើងបានមកទីនេះដោយមានសារដ៏សាមញ្ញ និងច្បាស់លាស់បំផុតថា អ្នកមិននៅឯកោទេ។ អឺរ៉ុបកំពុងនៅជាមួយអ្នកក្នុងការការពារសេរីភាព និងនីតិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ វាជាពេលដ៏សំំខាន់សម្រាប់ពួកយើងនៅសហភាពអឺរ៉ុបបង្ហាញថា យើងជិះក្នុងទូកតែមួយ… បន្ទាប់មកយើងត្រូវការរបៀបវារៈរឹងមាំសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ និងវិធានការរឹងមាំកម្រិតខ្ពស់ដើម្បីកសាងភាពជាដៃគូរវាងសហភាពអឺរ៉ុបនិងតៃវ៉ាន់»។
ស្ថានបេសកកម្មចិននៅទីក្រុងព្រុចសែលបានព្រមានមុននេះថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់សភាអឺរ៉ុប នឹង «បំផ្លាញផលប្រយោជន៍ស្នូលរបស់ចិន និងធ្វើឱ្យខូចការអភិវឌ្ឍទំនាក់ទំនងល្អរវាងចិន និងសហភាពអឺរ៉ុប»។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានប្រតិកម្មដោយខឹងសម្បានៅពេលសមាជិកព្រឹទ្ធសភាបារាំងមួយក្រុម បានធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិកាលពីខែមុន និងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ទៅប្រទេសស្លូវ៉ាគី និងសាធារណរដ្ឋឆែក។
ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ បានធ្លាក់ចុះចាប់តាំងពីអ្នកស្រី Tsai Ing-wen ឡើងកាន់តំណែងក្នុងឆ្នាំ ២០១៦ ដោយអ្នកស្រីចាត់ទុកកោះនេះ ជាប្រទេសដែលមានអធិបតេយ្យភាពពិតប្រាកដ ហើយមិនមែនជាផ្នែកមួយនៃទឹកដីចិនទេ។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បាននិយាយថា ភាពតានតឹងផ្នែកយោធាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងមានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ បន្ទាប់ពីយន្តហោះចម្បាំងចិន បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះកាលពីខែមុន ក្នុងចំនួនច្រើនជាងពេលមុនៗទាំងអស់៕
មតិយោបល់