ព័ត៌មានជាតិ

ពស់ព្រៃកន្ទុយក្រហម ជាពស់ព្រៃកម្រនៅលើពិភពលោក មានវត្តមាននៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ពស់ព្រៃកន្ទុយក្រហម ឈ្មោះគ្រួសារ៖ COLUBRIDAE ឈ្មោះវិទ្យាសាស្រ្ត៖ Gonyosoma Oxycephalum ជាពស់ព្រៃកម្រនៅលើពិភពលោក មានវត្តមានរស់នៅតិចតួចណាស់នៅក្នុងប្រទេសកម្ពុជា ។ ពស់ព្រៃកន្ទុយក្រហមភាគច្រើនរស់នៅលើដើមឈើ ហើយវាពូកែវាយឆ្មក់រកអាហារនៅតាមសំបុកសត្វ។ ជាញឹកញាប់ ក៏ត្រូវបានហ្វូងសត្វស្លាប ឡោមព័ទ្ធវាផងដែរ។ ពស់ព្រៃកន្ទុយក្រហម រាងកាយមានរាងក្រាស់ ហើយក្បាលធំទូលាយជាងដងខ្លួន។

ច្រមុះវែង ស្រការបស់វាជាទូទៅមានភាពរលោង ប៉ុន្តែពេលខ្លះអាចនឹងមើលមិនច្បាស់លាស់ និងអណ្តាតមានពណ៌ខៀវ។ ផ្នែកខាងខ្នង វាគឺជាពណ៌បៃតងដ៏ទាក់ទាញ ដែលវាមានពណ៌ស្លេក ផ្នែកខាងលើនៃក្បាលមានពណ៌បៃតងចាស់។ កន្ទុយមានពណ៌ទឹកក្រូច – ក្រហម។ វាមានទំហំធំប្រហែល៧គីឡូ ក្រាម និងប្រវែងពី ២ម៉ែត្រទៅ ៤ម៉ែត្រ។ ក្រុមអ្នកអភិរក្សបានរកឃើញពស់ព្រៃកន្ទុយក្រហមនៅលើដើមឈើ ដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។

ក្រុមអ្នកអភិរក្សបានថ្លែងអំណរគុណគម្រោងកាំប៉ាស់ និងអង្គការWWF ដែលបានជួយឧបត្ថមគាំទ្រដល់មន្ត្រីឧទ្យានុរក្ស និងក្រុមការងារស្រាវជ្រាវជីវ:ចម្រុះ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងស្រាវជ្រាវជីវ:ចម្រុះ ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្រ្តខេត្តមណ្ឌល គិរី ៕

មតិយោបល់