ភ្នំពេញៈ រថយន្តបែនដឹកដីមួយគ្រឿង បានបើកចុះពីលើស្ពានព្រែកព្នៅ ហើយបានជួបឧបសគ្គជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរ ទាញចង្កូតគេចយានយន្តក្រឡុកស៊ីម៉ងត៍ នៅពីមុខដោយបង្ខំក៏បានក្រឡាប់ចាក់ដីចោលពេញផ្លូវ និងអូសប្រមាណជិត២០ម៉ែត្រ សំណាងល្អមិនបណ្តាលអោយមនុស្សរងរបួស ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទី ព្រឹកថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាន ព្រែកព្នៅខាងកើត ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
រថយន្តដែលក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣E.៩១៧៦ បើកបរដោយបុរសម្នាក់ មិនបានប្រាប់ អោយស្គាល់អត្តសញ្ញាណឡើយ ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅ ក្នុងល្បឿនលឿន នៅពេលមកដល់គល់ស្ពាន ស្រាប់តែទាញចង្កូតគេចរថយន្តក្រឡុកស៊ីម៉ងត៍ ក្រឡាប់បោកលើថ្នល់ អូសប្រមាណជិត ២០ ម៉ែត្រ ហើយចាក់ដីរាយប៉ាយពេញផ្លូវហើយតែម្តង ។
ករណីគ្រោះថ្នាក់ខាងលើនេះ រថយន្តរងការខូចខាត បែកកញ្ចក់មុខខ្ទាតចេញ ហើយអ្នកបើកបរ បានលូនចេញ ពុំបណ្តាលអោយ រងរបួសឡើយ ។
តាមអ្នកបើកបរ បានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្ត ដាច់ទុយោហ្វ្រាំងជាន់មិនស៊ី ក៏បានទាញចង្កូតគេចរថយន្តក្រឡុក ស៊ីម៉ងត៍នៅពីមុខ បណ្តាលឱ្យរថយន្តក្រឡាប់តែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ក៏បានដោះស្លាកលេខចេញនិងបានទាក់ទង់ទៅ ម្ចាស់រថយន្តហៅគ្រឿងចក្រ មកចូកដីចេញនិងលើករថយន្ត យកទៅជួសជុលដោយខ្លួនឯង ៕







មតិយោបល់