កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសុក្រ ១៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ ៨៩-៩០ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមានម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0624. សឺមីរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A-1944 បើកបរដោយឈ្មោះ មាន ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិខ្មឹង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ឃាត់ខ្លួននៅកន្លែងកើតហេតុ) ។
មុនពេលកើតហេតុ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-3907 កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ញិល រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្តាលអោយស្លាប់ ខណៈដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ។
ក្រោយកើតហេតុ កម្លាំជំនាញបានចុះធ្វើការវាស់វែង នាំយកមធ្យោបាយទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងចាក់ការទៅតាមនីតិវិធី ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង





មតិយោបល់