កំពត៖ រថយន្តព្រូសមួយគ្រឿង បានរេចង្កូតជ្រុលបុកបង្គោលគីឡូម៉ែត្រ រួចក្រឡាប់បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិត និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ ករណីនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតឈ្មោះ នូ ប៊ុនសុភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ សើ ឡេស ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង ២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយរថយន្តម៉ាកព្រូសមួយគ្រឿងបានក្រឡាប់លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១-៩២ បណ្តាលឱ្យអ្នកបរបាត់បង់ជីវិត និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ តាមស្លាកស្នាម បានបង្ហាញថា រថយន្តបើកបរក្នុងល្បឿនលឿនមកពីទិសខាងជើង លុះដល់កន្លែងកើតហេតុ រថយន្តបានរេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រលេខ៩១ ពេញទំហឹង រួចក្រឡាប់តែម្តង។
ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋ កម្លាំងរបស់អធិការដ្ឋានស្រុកដងទង់ បានចុះដល់គោលដៅឃើញបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ទើបទំនាក់ទំនងហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្តព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-5803 ត្រូវបានយកទៅរក្សាទុកនៅប៉ុស្ត៍នគរបាលរដ្ឋបាលឃុំល្អាង៕





មតិយោបល់