ព័ត៌មានជាតិ

Update៖ មន្ត្រីយោធាម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ ខណៈប្រពន្ធទៅជួយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារក្រមួន តាមផ្លូវបេតុង (អតីតផ្លូវដែក) ក្នុងភូមិបឹងសាឡាង សង្កាត់/ខណ្ឌឬស្សីកែវកែវ រាជធានីភ្នំពេញ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ ស្លាប់ និងរបួសធ្ងន់។

ជនរងគ្រោះទី១ឈ្មោះ គង់ ដារ៉ា អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីយោធា នៅខេត្តស្ទឹងត្រែង មានលំនៅស្នាក់នៅកន្លែងកើតហេតុ និងទី២ ប្រពន្ធឈ្មោះ រ៉ុង អាយុ៣៩ឆ្នាំ មុខរបរ អ៊ុតសក់ រងរបួសធ្ងន់ ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត។

ដំណើររឿង៖ នៅមុនកើតហេតុ ជនរងគ្រោះជាប្តី បានតភ្លើងដាក់ម៉ូទ័របូមទឹក បាញ់ដីខ្សាច់ក្រោមផ្ទះ ដើម្បីស្ទូចលើកផ្ទះ មិនប្រយ័ត្ន ធ្វើឲ្យធ្លាក់ម៉ូទ័រចូលក្នុងទឹក បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះដួលបាត់មាត់តែម្ដង។

ភ្លាមៗនោះ ស្ត្រីជាប្រពន្ធឃើញបែបនេះ បានស្ទុះទៅជួយ ក៏រងគ្រោះឆក់បន្ត តែអ្នកក្បែរខាងឃើញទាន់ នាំគ្នាទៅជួយសង្គ្រោះទាំងពីរនាក់។

ជាអកុសលប្តីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ចំណែកប្រពន្ធរងរបួស ត្រូវបានរថយន្តសាម៉ុយ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់