ព័ត៌មានជាតិ

ចៅក្រមបានសម្រេចធ្វើការដោះលែង ឧកញ៉ា លី សាយឃាង ឱ្យមានសេរីភាពវិញ តែស្ថិតក្រោមការត្រួតពិនិត្យ

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា លី សាយឃាង ពីខេត្តសៀមរាប ប្រគល់ទៅឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញរួចមក ក្រោយសាកសួររួចរាល់នៅវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមបានសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពវិញ តែតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

សូមបញ្ជាក់ថា ឧកញ៉ា លី សាយឃាង ត្រូវបាននគរបាលនាំខ្លួនពីខេត្តសៀមរាប ទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរលើសំណុំរឿង រំលោភលើទំនុកចិត្ត និងបទបរិហារកេរ្ដិ៍ជាសាធារណៈ។ ឧកញ៉ា មានអាយុ៥៨ឆ្នាំ ជាពាណិជ្ជករ រស់នៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្ដិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ដែលបទល្មើសនេះមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីនេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើបសួរ ដើម្បីធ្វើការសាកសួរបំភ្លឺការពិត និងបង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញឱ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។

លោកឧកញ៉ា បានយល់ព្រមចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលខ្លួនហើយ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូន មកកាន់រាជធានីភ្នំពេញនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយសាកសួរអស់រយៈពេលច្រើនម៉ោង ចៅក្រមបានសម្រេចដោះលែង ឧកញ៉ា លី សាយឃាង ឱ្យមានសេរីភាពវិញ តែត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

មតិយោបល់