ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តធុនធំ បើកបរយ៉ាងលឿនបានរេចង្កូតបុកពេញទំហឹង បង្កឲ្យការភ្ញាក់ផ្អើល ទីតាំងកើតហេតុស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះគុង ម៉ូង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការ នៅស្រុកបន្ទាយដែក ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A-1690 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ដោយក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្តងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យរថយន្តរេចង្កូតទៅខាងឆ្វេង ឆ្លងចូលទៅផ្លូវម្ខាងទៀតនិងបានបុកចំពី មុខម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1S-9093 បើកបរដោយបុរសរងគ្រោះទើបតែ ចេញ ពី កន្លែងធ្វើការ នៅស្រុកបន្ទាយដែក បំណងជិះទៅលេងផ្ទះបងនៅឯផ្លូវ៦០ម៉ែត្រ ដែលជិះទិសដៅបញ្ច្រាសទិសគ្នាជាមួយ រថយន្ត និងបណ្ដាលឲ្យម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ និងបុរសរងគ្រោះ បានបែកលលាដ៍ក្បាលស្លាប់ភ្លាមៗ ។
ចំណែកឯរថយន្តនៅមិនទាន់អស់ល្បឿន ក៏បានបន្តទៅខាងមុខ ទៅបុកទម្លុះរបងផ្ទះលក់សម្បកកង់រថយន្តជាប្រភេទរបងដែក បណ្ដាលឲ្យបាក់ខូចខាត អស់៤ទៅ៥ផ្ទាំង និងបុកពីក្រោយរថយន្តកូរេមួយគ្រឿង ដែលចតខាងមុខផ្ទះនោះថែមទាំងរុញរថយន្ត កូរ៉េនោះ ទៅបុកផ្ទុបទ្វារផ្ទះលក់សម្បកកង់រថយន្ត បាក់ខូចមួយផ្ទាំងបន្ថែមទៀត ។ ទើបរថយន្តបង្កអស់ល្បឿនទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយសមត្ថកិច្ច បានចុះមកឃាត់ខ្លួនអ្នកបើកបរបានភ្លាមៗ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្ក រួមទាំងអ្នកបើកបរ នាំយកទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ រីឯសាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់