ព័ត៌មានជាតិ

កូរ៉េខាងត្បូងធ្វើតេស្ដមីស៊ីល SLBM ដោយជោគជ័យ ក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគ ២គ្រាប់

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញានេះ បានប្រកាសពីការធ្វើតេស្តប្រភេទមីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក ឬ SLBM ដោយជោគជ័យ ក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគ២ គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុន។

ការធ្វើតេស្តខាងលើត្រូវបានធ្វើឡើងនៅរសៀលថ្ងៃពុធនេះ នៅឯមូលដ្ឋានរបស់ទីភ្នាក់ងារអភិវឌ្ឍវិស័យការពារជាតិ (ADD) ស្ថិតនៅក្នុងខេត្ត Chungcheong កូរ៉េខាងត្បូង ហើយប្រធានាធិបតីលោក មូន ចេអ៊ីន និងមន្ត្រីយោធាកំពូលៗឯទៀត បានចូលរួមត្រួតពិនិត្យដោយផ្ទាល់ ចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ចេញពីនាវាមុជទឹកនេះដែរ។

នេះជាការធ្វើតេស្តថ្មីទៀតបន្ទាប់ពីការធ្វើតេស្ត បានសម្រេចម្តងរួចមកហើយកាលពីសប្តាហ៍មុន។ កូរ៉េខាងត្បូងត្រូវបានចាត់ទុក ជាប្រទេសទីមួយនៅលើពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានអភិវឌ្ឍដោយជោគជ័យនូវគ្រាប់មីស៊ីល SLBM ឈ្មោះ យុនមូ ហ្វរធូហ្វរ (Hyunmoo 4-4) ដែលជាប្រភេទមីស៊ីលបាលីស្ទីក បាញ់ចេញពីនាវាមុជទឹក ហើយអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងចល័តបានចម្ងាយ ៥០០គីឡូម៉ែត្រ៕

សម្រាប់ការធ្វើតេស្តនៅរសៀលថ្ងៃពុធនេះដែរ គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងត្បូង ត្រូវបានបាញ់ចេញពីនាវាមុជទឹកទម្ងន់ ៣,០០០តោនឈ្មោះ ដូសាន អាន ចាងហូ (Dosan Ahn Chang-ho) ជាផលិតផលក្នុងស្រុករបស់កូរ៉េខាងត្បូង ដែលត្រូវបានដាក់ឲ្យបំពេញប្រតិបត្តិការ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ បើតាម Blue House គ្រាប់មីស៊ីល SLBM បានបុកចំគោលដៅដូចការរំពឹងទុក ខណៈនាវា Dosan Ahn Chang-ho មានម៉ាស៊ីនសម្រាប់បាញ់មីស៊ីលប្រភេទនេះ រហូតដល់ទៅ ០៦គ្រឿងនៅជាប់ខ្លួនវាតែម្តង៕

ប្រភព៖ Reuters

 

មតិយោបល់