ព័ត៌មានជាតិ

ក្រុមអភិរក្សសត្វស្លាប ប្រទះឃើញសម្បុកសត្វកុកពាក់អំបោះ នៅដែនជម្រកសត្វព្រៃលំផាត់ មានការកើនឡើង

ប្រភពពីអង្គការ Bird Life បានឱ្យដឹងនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា នៅក្នុងរដូវបន្តពូជឆ្នាំ២០២១នេះ សម្បុកសត្វកុកពាក់អំបោះ ឬ សត្វកុក ក ស ចំនួន៨សម្បុក (Asian Woolly neck stork) ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់ ដោយក្រុមការងារអភិរក្សរបស់អង្គការ Bird Life in Cambodia ចំនួនសម្បុកនេះមានការកើនឡើងបើប្រៀបនឹងរដូវបន្តពូជឆ្នាំ២០២០។

កុកពាក់អំបោះ ចាប់ផ្តើមបន្តពូជចាប់ពីខែកុម្ភ: ដល់ខែឧសភា និង បន្តពូជម្តងទៀតចាប់ពីខែសីហា ដល់វិច្ឆិកា។ កុកពាក់អំបោះ បក្សីប្រភេទនេះត្រូវបានចាត់ចូលជាប្រភេទជិតរងការគំរាមកំហែង (Near Threatened) ក្នុងបញ្ជីក្រហមរបស់ IUCN Rest List ពិភពលោក។ សត្វនេះក្នុងចំណោមសត្វស្លាបកំពុងរងការគំរាមកំហែងទាំង១០ប្រភេទដែលបានត្រូវគម្រោងអង្គការBird Lifeនៅដែនជម្រកសត្វព្រៃលំផាត់ធ្វើការអង្កេតតាមដានជាប្រចាំ។

អង្គការ Bird Life សូមសំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមថែរក្សាការពារបក្សីកំពុងរងការគំរាមកំហែងឈានទៅជិតផុតពូជ នៅដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ដោយទប់ស្កាត់ និងមិនទន្រ្ទានដីដែលធ្វើឱ្យបាត់បង់ទីជម្រក មិនយកពងកូន និងមិនបង្កការរំខាន ជាដើម៕

 

មតិយោបល់