ព័ត៌មានជាតិ

វត្ថុបុរាណខ្មែរចំនួនបួនរូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួនបួនរូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ នាពេលខាងមុខនេះ បន្ទាប់ពីបានដំណើរការក្តីក្នុងតុលាការពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្ប: Denver នៅសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វត្ថុបុរាណខ្មែរទាំង៤នោះរួមមាន៖ ទី១. ចម្លាក់ព្រះនាងប្រាជ្ញា បារមិតា ថ្មភក់ សម័យអង្គរ រចនាបថបាយ័នចុងសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣ ដែលបដិមានេះត្រូវបានគេរកឃើញនៅក្នុងវាលស្រែ ក្បែរប្រាសាទបុរាណមួយក្នុងខេត្តតាកែវ មិនឆ្ងាយពីតំបន់ទន្លេបាទី។ ទី២. ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨ ដែលត្រូវបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។ ទី៣. ជួងសំរឹទ្ធ សម័យបុរេប្រវត្តិ ជាវត្ថុមួយក្នុងចំណោមដួងសំរឹទ្ធចំនួន១២ (រៀបជារង្វង់មូលព័ន្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់មួយនៃខេត្តពោធិ៍សាត់-បាត់ដំបង។ ទី៤. ផ្ដែរព្រះនារាយណ៍ផ្ទំ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨ ដែលបើតាមប្រភពពីសាក្សីបានឱ្យដឹងថា ត្រូវបានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន ដែលមានលក្ខណ:ស្រដៀងនឹងផ្តែរនៅប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: មានប្រសាសន៍ថា «យើងមានសេចក្តីរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតន:សម្បត្តិដ៏មានតម្លៃទាំងនេះត្រឡប់មកកម្ពុជាវិញ ហើយមានមោទនភាពចំពោះកិច្ចសហការរបស់យើងជាមួយ រដ្ឋាភិបាលសហរដ្ឋអាមេរិក»។ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកាន់កាប់រក្សា ទុកសម្បត្តិវប្បធម៌ខ្មែរ ធ្វើការទាក់ទងទៅក្រសួង ដើម្បីចែករំលែកឯកសារពាក់ព័ន្ធ និងប្រគល់សម្បត្តិវប្បធម៌ទាំងនោះដោយស្ម័គ្រចិត្ត មកកម្ពុជាវិញ ខណ:ក្រសួងកំពុងបន្តប្រមូលភស្តុតាងនៃការលួចនាំចេញ និងការកាន់កាប់ដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ខ្មែរ៕

មតិយោបល់