ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរំលឹកបង្ការករណីពុលស្រា កុំយកអាល់កុលលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ បានផ្ទុះហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីពលករខ្មែរ២១នាក់ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុលអាល់កុល ស្លាប់ ៧នាក់ (ស្រី១នាក់) និងនាំយកទៅសង្គ្រោះ ១២នាក់ (ស្រី ១នាក់)។

តាមរយៈការសាកសួរព័ត៌មានពីជនរងគ្រោះ កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ជនរងគ្រោះ បានយកអាល់កុលលាយជាមួយទឹក ខ្លះយកមកលាយជាមួយកូកាកូឡា ហើយមួយចំនួនទៀតលាយជាមួយទឹកអូអ៉ីឈិ ហើយនាំគ្នាផឹក។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ក៏ចាប់ផ្តើមមានរោគសញ្ញាដូចជាឈឺក្បាល វិលមុខ ក្អួត និងថប់ដង្ហើម។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំយកអាល់កុលលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឱ្យចូលរួមពិសាស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។ បន្ថែមពីលើនោះ អ្នកប្រកបអាជីវកម្ម ហាមដាច់ខាតកុំយកសារធាតុមេតាណុលមកលាយធ្វើស្រា-ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។

មតិយោបល់