ព័ត៌មានជាតិ

សមត្ថកិច្ចធ្វើការប្រគល់ជនជាតិថៃចំនួន ៦៧នាក់ ជូនភាគីថៃវិញ បន្ទាប់ពីរកឃើញស្នាក់នៅដោយខុសច្បាប់ និងធ្វើការងារក្នុងទឹកដីខ្មែរ (ក្រុងប៉ោយប៉ែត)

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២១ ជនជាតិថៃប្រុស ស្រីចំនួន ៦៧នាក់ (ស្រីចំនួន២៤នាក់) មកស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចខ្មែរ ត្រួតពិនិត្យរកឃើញស្នាក់នៅដោយខុសច្បាប់ បានចាប់ប្រគល់ជូនភាគីថៃវិញ នៅស្ពានមិត្តភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ដោយយោងលិខិតស្ថានទូតថៃលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, យោងលិខិតអគ្គស្នងការដ្ឋាននគរបាលជាតិលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, យោងលិខិតអគ្គនាយកដ្ឋានកណ្ដាលសន្តិសុខលេខ: ០៨០០១/២៨៧៩ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញផែនការងារអន្តោប្រវេសន៍ និងកម្លាំងជំនាញផែនការងារសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលការពារព្រំដែនគោក ដឹកនាំរួមដោយលោកឧត្តមសេនីយ៍ ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះត្រួតពិនិត្យបញ្ជូនជនជាតិថៃដែលលួចឆ្លងដែនមកធ្វើការនៅក្នុងក្រុងប៉ោយប៉ែត ដោយខុសច្បាប់ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ៖ ក្នុងការចុះត្រួតពិនិត្យយើងរកឃើញជនជាតិថៃ ស្នាក់នៅផ្ទះសំណាក់ ម៉េង ហួរ ភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០៤នាក់, អាគារ ១៤០បន្ទប់ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៥៦នាក់, កាស៊ីណូប៉ូលី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់, ចំណុចអាគារថ្មី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១នាក់, ម្តុំផ្ទះល្វែង ក្បែរបុរី សាន ហូរ ៥នាក់ និងមកពីភ្នំពេញ ០១នាក់ ពិការជើង សរុបចំនួន ៦៧នាក់ ស្រី ២៤នាក់ ។

ចំពោះជនជាតិថៃទាំង៦៧នាក់ ស្រី២៤នាក់ បានធ្វើការប្រគល់ជូនភាគីថៃវិញ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

មតិយោបល់