ព័ត៌មានជាតិ

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ ផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានជូនដំណឹងថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន. ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរ នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

អាជ្ញាធរបានបន្តថា សកម្មភាពនេះ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងរបៀបរៀបរយក្នុងសង្គម។

ជាមួយគ្នានេះដែរ អាជ្ញាធរបានដល់សាធារណជន ឱ្យចូលរួមរាយការណ៍តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” នូវគេហទំព័រណាមួយ ដែលបាននិងកំពុងធ្វើប្រតិបត្តិការ ឬផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន. ទ. ក. នឹងរក្សាការសម្ងាត់ជូន៕

មតិយោបល់