ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកដើមត្នោតរលំកាត់ផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០២នាក់ រងរបួសធ្ងន់ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូពីរគ្រឿង ទី១-ម៉ូតូម៉ាកហុងដា ឌ្រីមធុន១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1F-4426 បើកបរដោយឈ្មោះ ឃុន និមឿន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ។ ទី២-ម៉ូតូម៉ាកហុងដាឌ្រីមធុន ១២៥ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1G-3069 បើកបរដោយ បុរសមិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាង ពេញទំហឹង ជាមួយដើមត្នោតរលំកាត់ផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០២នាក់រងរបួសធ្ងន់ ។
ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
របាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។
រីឯម៉ូតូ០១គ្រឿង សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសព និងម៉ូតូ០១គ្រឿងទៀត សមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សាជាបណ្តោះអាសន្ន ៕





មតិយោបល់