កោះកុង៖យុវជនឈាមរាវម្នាក់ខឹងគេមិនឲ្យជួបអតីតគូដណ្តឹងរបស់ខ្លួនកាលពីជិតមួយឆ្នាំងមុន បានកើតជាគំនុំ ក៏សម្រេចចិត្តកាន់ដាវចូលដល់ក្នុងផ្ទះ ប៉ុនប៉ងដុតផ្ទះ និងកាប់សម្លាប់គេមួយគ្រួសារ ហើយរត់គេចខ្លួន ទៅពួននៅក្នុងព្រៃកន្លែងចាក់សំរាមអស់ជាច្រើនថ្ងៃគិតថាសុខសាន្ត ត្រូវបានសមត្ថកិច្ច តាមក្របួច ក វាយខ្នោះកសាងសុំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញចាត់ការបន្តតាមនីតិវិធី។
បើតាមការពន្យល់ពី លោក យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ ប្រាប់សារព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២១នេះ បានអះអាងថា កម្លាំងជំនាញផ្នែកព្រម្មទណ្ឌបានទទួលពាក្យបណ្តឹងនៅថ្ងៃ១៥ ខែវិច្ឆកា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីព្រឹក ពីឈ្មោះ សុខ លាង ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ សែន ប៊ុនគង់ ភេទប្រុសអាយុ ៥៤ឆ្នាំ មុខរបលក់ដូរ កើតទុកមិនសុខចិត្តពីរឿងឈ្មោះ រិន វីរៈ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ដែលឈ្មោះ រិន វីរៈ បានធ្វើសកម្មភាព កាន់ដាវមួយដើម យ៉ាងមុតស្រួច សំដៅចូលមកក្នុងផ្ទះ ហើយកាប់មកលើប្តីរបស់គាត់ បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួន និងរងរបួសធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២១ វេលាម៉ោង២៣:០៧នាទី។
ភរិយាជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចទៀតថា គ្រាដែលជនរងគ្រោះ ដែលត្រូវជាប្តីរបស់គាត់កំពុងតែដេកនៅក្នុងផ្ទះ ពេលនោះប្តីរបស់គាត់បានលឺសំឡេងសម្រឹបជើង មនុស្សដើរនៅខាងក្រោយផ្ទះ ពេលនោះដែរប្តីរបស់គាត់ក៏បើកទ្វារក្រោយមើល ភ្លាមនោះស្រាប់តែឈ្មោះ រិន វីរៈ បានស្ទុះមកកាប់ប្តីរបស់គាត់ បន្ទាប់មកប្តីរបស់ខ្លួនក៏រត់ចូលផ្ទះ ហើយជនសង្ស័យរូបនេះ នៅតែមិនអស់ចិត្តទៀត បន្តតាមកាប់ចិញ្ច្រាំដល់ក្នុងផ្ទះ និងបានយកដបសាំងមកចាក់ស្រោចពេញក្នុងផ្ទះបម្រុងយកដែកកេះដុតទាំងមនុស្ស ទាំងផ្ទះកម្ទេចចោលទៅហើយ តែដោយជនសង្ស័យឃើញកូនប្រុសរបស់ជនរងគ្រោះ វាក៏ស្ទុះទាញដាវមកកាប់កូនប្រុសម្នាក់ទៀត និងបំរុងកាប់ប្រពន្ធជនរងគ្រោះទៀត ពេលនោះស្ត្រីជាភរិយា ជនរងគ្រោះក៏បានបើកទ្វារស្រែកដង្ហោយហៅឲ្យអ្នកជិតខាងជួយអន្តរាគមន៍ ដោយឃើញសភាពការណ៍មានមនុស្សមកឆោឡោច្រើន ជនដៃដល់រូបនេះក៏ទាញដាវរត់តាមទ្វារក្រោយបាត់ស្រមោលតែម្តង។
ក្រោយពីបានទទួលពាក្យបណ្តឹង និងក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ របស់ជនរងគ្រោះ លោកវរសេនីយ៍ឯក យស ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទបានដឹកនាំកម្លាំងជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរករហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២១ វេលា១៥:១៥នាទី ទើបអាចកំណត់បាននូវទីតាំងជនសង្ស័យដែលកំពុងលាក់ខ្លួននៅក្នុងព្រៃម្តុំទីលានចាក់សំរាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ពេលនោះកំលាំងសមត្ថកិច្ចក្រុងក៏ធ្វើការឡោមព័ទ្ធចាប់បានតែម្តង។
ក្រោយពីចាប់ខ្លួនបានជនសង្សយ័បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ និងបានបម្រុងយកសាំងដុតផ្ទះពិតប្រាកដមែន មូលហេតុដោយសារខ្លួនខឹង នឹងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារបានបំបែកបំបាក់ខ្លួន និងអតីតគូដណ្តឹងខ្លួនកាលពីជិតមួយឆ្នាំមុន ទើបខ្លួនរៀបគំរោង ធ្វើសកម្មភាពនេះតែម្តង។ចំពោះករណីនេះសមត្ថកិច្ច កំពុងកសាងសុំណុំរឿងបញ្ជូនជនសង្សយ័ទៅការិយាលយ័ជំនាញចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖CNC
មតិយោបល់