ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកបញ្រ្ចាសទិស បុកម៉ូតូ អូសជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់មនុស្សម្នាក់

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះគោលបំណងទៅទិញបង្អែមហូប ក៏ត្រូវរថយន្ត mazda បើកបញ្រ្ចាសទិស ទៅបុកកិនពីលើស្លាប់មួយរំពេច ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចទល់មុខបុរីឡុងនី ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះទៀវ វុទ្ធី ភេទប្រុស អាយុជាង៣០ឆ្នាំមុខរបរ ជាងផ្សារដែក មានទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ​ គេបានឃើញបុរសជាជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1HH-8414 ជិះតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុខាងលើ ទល់មុខបុរីឡុងនី ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក mazda ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AA-8366 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តាយផ្លូវ៥០ម៉ែត្រ ទិសដៅបញ្ច្រាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលចង្កូតឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះដែរ បានពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រៃស ចុះមកដល់ឃាត់ខ្លួនបុរសជាតៃកុងរថយន្តបង្ក យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកដល់ វាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់