ភ្នំពេញ៖ កាលពីវេលាម៉ោង ២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីឃាតកម្ម គិតទុកជាមុន(កាប់នឹងកាំបិតផ្គាក់) នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះ(សព) ឈ្មោះ សុិន ខុន ភេទប្រុស អាយុ៣១ឆ្នាំ ជានិស្សិត(អតីតសកម្មជនគណបក្សសង្គ្រោះជាតិ) ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាបភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងករណីនេះ កាលពីវេលាម៉ោង ១៣:៤០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយជំនាញអាវុធហត្ថខណ្ឌ បានចាប់ខ្លួនជនសង្ស័យដែលជាឃាតកដៃឆៅម្នាក់ ឈ្មោះ សៀង ឆរ័ត្ន ហៅធំ ភេទប្រុស អាយុ២៩ឆ្នាំ ជាងសំណង់ រស់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មខាងលេី។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការស៉ើបអង្កេតនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាង រួមមានម៉ូតូ ១គ្រឿង ម៉ាកស្តេប ពណ៌សលាយខ្មៅ ផ្លាកលេខកណ្ដាល1F-1177, កាំបិតផ្គាក ១ដេីម មុខដែក ដងដែកលាយជ័រ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ចូនទៅអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនិវិធីច្បាប់៕
មតិយោបល់